២០
ពាក្យទូលអង្វរសុំជ័យជំនះ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
១ សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជា
នៅថ្ងៃដែលស្ដេចមានអាសន្ន
សូមព្រះនាមព្រះរបស់លោកយ៉ាកុប
ការពារព្រះរាជា!។
២ សូមព្រះអង្គជួយព្រះរាជា
ពីព្រះវិហាររបស់ព្រះអង្គ
សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។
៣ សូមអោយព្រះអង្គនឹកឃើញតង្វាយ
ទាំងប៉ុន្មានរបស់ព្រះរាជា
ហើយសូមអោយព្រះអង្គគាប់ព្រះហឫទ័យ
នឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។
- សំរាក
៤ សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា
តាមតែទ្រង់ប្រាថ្នា និងធ្វើអោយគំរោងការ
របស់ព្រះរាជាបានសំរេចទាំងអស់!។
៥ យើងនឹងស្រែកហ៊ោដោយអំណរ
ព្រោះតែស្ដេចមានជ័យជំនះ
យើងនឹងលើកទង់ជ័យឡើង
ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។
សូមព្រះអម្ចាស់សំរេចតាមសេចក្ដីទាំងប៉ុន្មាន
ដែលព្រះរាជាទូលសូម។
៦ ឥឡូវនេះ ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់សង្គ្រោះ
ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក
ព្រះអង្គឆ្លើយតបនឹងព្រះរាជា
ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ
គឺព្រះអង្គប្រទានអោយព្រះរាជាមានជ័យជំនះ
ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
៧ អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន
អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន
រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់
ជាព្រះរបស់យើង។
៨ អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ
រីឯយើងវិញ
យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
៩ ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង!
ពេលយើងខ្ញុំអង្វររកព្រះអង្គ
សូមឆ្លើយតបមកយើងខ្ញុំវិញផង!