៣២
សុភមង្គល​របស់​អ្នក​ដែល​ព្រះអម្ចាស់​អត់ទោស​អោយ
ទំនុក​របស់​ស្ដេច​ដាវីឌ។ ពាក្យ​កាព្យ។
១ មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​ព្រះជាម្ចាស់
លើកលែង​ទោស​អោយ
ព្រម​ទាំង​ប្រោសប្រណី​អោយ​បាន​រួច​ពី​បាប!​
២ មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​ព្រះអម្ចាស់​មិន​ប្រកាន់​ទោស
ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀចវេរ!
៣ ដរាប​ណា​ទូលបង្គំ​មិន​សារភាព​កំហុស​ទេ​នោះ
ទូលបង្គំ​កាន់​តែ​រីងរៃ​ទៅៗ
ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ
៤ ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់
កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ
ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។
- សំរាក
 
៥ ទូលបង្គំ​បាន​សារភាព​អំពើ​បាប​ចំពោះ​ព្រះអង្គ
ទូលបង្គំ​មិន​បាន​លាក់លៀម​កំហុស
របស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា
«ខ្ញុំ​នឹង​ទទួល​សារភាព​អំពើ​បាប
របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់
ព្រះអង្គ​ក៏​លើកលែង​ទោស​ទូលបង្គំ
អោយ​រួច​ពី​បាប។
- សំរាក
 
៦ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព
ប្រណិប័តន៍​ព្រះអង្គ
តែង​ទូលអង្វរ​ព្រះអង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ!
ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច
ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។
៧ ព្រះអង្គ​ជា​ជំរក​សំរាប់​ទូលបង្គំ
ព្រះអង្គ​ការពារ​ទូលបង្គំ​អោយ​រួច​ពី​អាសន្ន
ព្រះអង្គ​អោយ​ទូលបង្គំ​អាច​បន្លឺ​សំឡេង
ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។
- សំរាក
 
៨  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
«យើង​នឹង​ប្រៀនប្រដៅ​ណែនាំ​អ្នក
អោយ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ
យើង​នឹង​ជួយ​អោយ​យោបល់​អ្នក
ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។
៩ មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ
គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ
ដើម្បី​ញាក់​វា​អោយ​ចុះ​ចូល»។
១០ មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង
ប៉ុន្តែ ព្រះអម្ចាស់​តែង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា
ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។
១១ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីករាយ
ចំពោះ​ស្នា​ព្រះហស្ដ​របស់​ព្រះអម្ចាស់!
អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ
ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។