៥០
ការ​ថ្វាយបង្គំ​ដ៏​ពិត​ប្រាកដ
ទំនុក​របស់​លោក​អេសាភ។
១  ព្រះអម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់
ទ្រង់​មាន​ព្រះបន្ទូល​កោះ​ហៅ
ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត
រហូត​ដល់​ទិស​ខាង​លិច
២ ព្រះជាម្ចាស់​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន
ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះត្រចង់។
៣ ព្រះ​នៃ​យើង​ទ្រង់​យាង​មក​ហើយ
ព្រះអង្គ​មិន​សំងំ​នៅ​ស្ងៀម​ឡើយ
មាន​ភ្លើង​សន្ធោសន្ធៅ​នៅ​ពី​មុខ​ព្រះអង្គ
ហើយ​ជុំវិញ​ព្រះអង្គ
មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។
៤ ព្រះអង្គ​កោះ​ហៅ​ផ្ទៃ​មេឃ
និង​ផែនដី អោយ​ធ្វើ​ជា​សាក្សី
នៅ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស
ប្រជារាស្ត្រ​របស់​ព្រះអង្គ
៥ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
«ចូរ​ប្រមូល​ពួក​អ្នក​ជឿ​អោយ​មក​ជួប​យើង
គឺ​អស់​អ្នក​ដែល​បាន​ថ្វាយ​យញ្ញបូជា
ដើម្បី​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង!»។
៦ ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
ដ្បិត​ព្រះជាម្ចាស់​ផ្ទាល់​ទ្រង់​ជា​ចៅក្រម។
- សំរាក
 
៧ «អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ត្រ​របស់​យើង​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ!
អ៊ីស្រាអែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។
យើង​ជា​ព្រះជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
៨ យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញបូជា
និង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែ
យក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។
៩ យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា
ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ
១០ ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ
សុទ្ធ​តែ​ជា​របស់​យើង
ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល
ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។
១១ យើង​ស្គាល់​បក្សាបក្សី​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​តាម​ភ្នំ
ហើយ​សត្វ​ទាំងឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចំការ
ក៏​ជា​របស់​យើង​ដែរ។
១២ ប្រសិន​បើ​យើង​ឃ្លាន
យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ
ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង
ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង​។
១៣ តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ?
តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?
១៤ តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះជាម្ចាស់
គឺ​ពាក្យ​អរ​ព្រះគុណ
ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា
ចំពោះ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។
១៥ នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ
យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង
សិរីរុងរឿង​របស់​យើង។
១៦ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល
ទៅ​កាន់​មនុស្ស​អាក្រក់​ថា៖
ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រ
ច្បាប់​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថា
បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ដូច្នេះ?
១៧ ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​អោយ​យើង​ប្រដែប្រដៅ​សោះ
ហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។
១៨ ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេពគប់​ជា​មួយ​គេ​ភ្លាម
ហើយ​អ្នក​តែងតែ​ចូល​ដៃ
ជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។
១៩ មាត់​របស់​អ្នក​តែង​ស្រដី​ចេញ
នូវ​ពាក្យ​អាក្រក់អាក្រី
ហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់
ចេញ​នូវ​ពាក្យ​បោក​ប្រាស់។
២០ អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង​ប្អូន​ជានិច្ច
ហើយ​អ្នក​បរិហារ​កេរ្តិ៍​បង​ប្អូន​បង្កើត​ទៀត​ផង។
២១ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ
តើ​អោយ​យើង​នៅ​ស្ងៀម​ម្ដេច​កើត?
អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ?
ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញ
អោយ​អ្នក​ឃើញ​កំហុស ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។
២២ អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ
ចូរ​រិះគិត​អោយ​យល់​សេចក្ដី​នេះ​ទៅ
ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា
ហើយ​គ្មាន​នរណា​អាច​រំដោះ
អ្នក​រាល់​គ្នា​បាន​ឡើយ។
២៣ អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យ
អរ​ព្រះគុណ​ទុក​ជា​តង្វាយ
ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក
ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។