៥៦
ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ «ព្រាប​ស្ងៀម​ស្ងាត់​នៅ​ស្រុក​ឆ្ងាយ»។ បទ​ចំរៀង​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ជន​ជាតិ​ភីលីស្ទីន​ចាប់​ព្រះអង្គ​នៅ​ក្រុង​កាដ។​
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​អាណិត​មេត្តា​ទូលបង្គំ​ផង
ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូលបង្គំ
គេ​លើក​គ្នា​មក​ប្រយុទ្ធ និង
បៀតបៀន​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។
២ ជា​រៀង​រាល់​ថ្ងៃ បច្ចាមិត្ត​របស់​ទូលបង្គំ
នាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូលបង្គំ
ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន
មក​ប្រយុទ្ធ​នឹង​ទូលបង្គំ។
៣ ឱ​ព្រះជាម្ចាស់​អើយ នៅ​ថ្ងៃ​ទូលបង្គំ​ភ័យ​ខ្លាច
ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។
៤ ខ្ញុំ​សរសើរ​តម្កើង​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់
ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់
ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
តើ​មនុស្ស​ដែល​តែងតែ​ស្លាប់​
អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?។
៥ ជា​រៀង​រាល់​ថ្ងៃ​ពួក​គេ​ជេរ​ប្រមាថ
ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចុក​ចាប់
គេ​តែង​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ​ជានិច្ច។
៦ គេ​ឃុបឃិត​គ្នា​ចាំ​ឃ្លាំ​មើល
និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។
៧ ឱ​ព្រះជាម្ចាស់​អើយ!
សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់
ដែល​ពួក​គេ​ប្រព្រឹត្ត
សូម​ទ្រង់​សំដែង​ព្រះពិរោធ
បង្ក្រាប​ប្រជាជន​ទាំង​នោះ។
៨ ព្រះអង្គ​ជ្រាប​ច្បាស់​ថា ទូលបង្គំ​រង​ទុក្ខ​យ៉ាង​ណា
សូម​ត្រង​ទឹក​ភ្នែក​ទូលបង្គំ​ទុក
ព្រះអង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែក
ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។
 
៩ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ
ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ
ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។
១០ ខ្ញុំ​សរសើរ​តម្កើង​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់
ខ្ញុំ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១១ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់
ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
តើ​មនុស្ស​ដែល​តែងតែ​ស្លាប់
អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?។
 
១២ ឱ​ព្រះជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ
តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់ស្រន់​ព្រះអង្គ
ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​ព្រះអង្គ។
១៣ ដ្បិត​ព្រះអង្គ​បាន​រំដោះ ទូលបង្គំ​អោយ​រួច​ពី​ស្លាប់
ជើង​ទូលបង្គំ​នឹង​មិន​ត្រូវ​ជំពប់​ដួល​ឡើយ
ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់
ក្រោម​ពន្លឺ​ដែល​បំភ្លឺ​មនុស្ស​លោក។