៦៥
ព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ
បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចំរៀងតម្កើងព្រះជាម្ចាស់។
១ ឱព្រះជាម្ចាស់អើយ
យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ
នៅក្រុងស៊ីយ៉ូន
ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ
បានសន្យាចំពោះព្រះអង្គ។
២ ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ
របស់មនុស្សលោកជានិច្ច
ពួកគេនឹងមករកព្រះអង្គទាំងអស់គ្នា។
៣ កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់
មានតែព្រះអង្គទេ
ដែលលើកលែងទោសអោយយើងខ្ញុំបាន។
៤ មានសុភមង្គលហើយអស់អ្នក
ដែលព្រះអង្គជ្រើសរើស
ហើយនាំចូលមករស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ
នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
៥ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយ
ព្រះអង្គប្រកបដោយសេចក្ដីសុចរិត
ព្រះអង្គបានឆ្លើយតបមកយើងខ្ញុំ
ដោយសំដែងឫទ្ធិបារមី គួរអោយស្ញែងខ្លាច
ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល
នៃផែនដី និងនៅខាងនាយសមុទ្រ
នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!
៦ ព្រះអង្គបានពង្រឹងភ្នំទាំងឡាយអោយរឹងមាំ
ដោយសារព្រះចេស្ដារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
៧ ព្រះអង្គបានធ្វើអោយសន្ធឹករលកសមុទ្រ
ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង
ព្រះអង្គក៏បានធ្វើអោយសំឡេង
ដ៏អឺងកងរបស់ប្រជាជន
ទាំងឡាយបានស្ងប់ស្ងៀមដែរ។
៨ អស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសំគាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គបានធ្វើអោយប្រជាជន
ដែលរស់នៅទិសខាងកើត និងទិសខាងលិច
មានអំណរសប្បាយដ៏លើសលប់។
៩ ព្រះអង្គថែទាំផែនដី
ដោយប្រទានអោយផែនដីមានទឹកដ៏បរិបូណ៌
ព្រះអង្គប្រទានអោយផែនដីមានភោគផល
ដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូរបស់ព្រះអង្គ
មានពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវអោយមនុស្សលោក
ដោយរៀបចំដូចតទៅនេះ
១០ គឺព្រះអង្គស្រោចស្រពស្រែចំការ
ព្រះអង្គធ្វើអោយដីដាំដំណាំបានរាបស្មើ
ព្រះអង្គបានធ្វើអោយទឹកភ្លៀង
ដក់នៅតាមវាលស្រែ
ហើយព្រះអង្គប្រទានពរអោយគ្រាប់ពូជ
ទាំងឡាយដុះឡើង។
១១ នៅរដូវចំរូតព្រះអង្គប្រទានស្រូវ
ដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ
ទីនោះមានភោគផលដ៏ហូរហៀរ។
១២ រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌
ហើយនៅតាមភ្នំនានា
ក៏មានពោរពេញទៅដោយអំណរដែរ។
១៣ វាលស្មៅពោរពេញទៅដោយហ្វូងចៀម
ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង
ដោយអំណរដ៏លើសលប់!។