៧៦
ពីភ្នំស៊ីយ៉ូន ព្រះជាម្ចាស់ពន្លត់ភ្លើងសង្គ្រាម
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់លោកអេសាភ។ ចំរៀងតម្កើងព្រះជាម្ចាស់។
១ នៅស្រុកយូដា
គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា
នៅស្រុកអ៊ីស្រាអែល
ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់!
២ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម
ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
៣ នៅទីនោះហើយដែលព្រះអង្គបានកំទេចគ្រឿង
សស្រ្ដាវុធ គឺមានធ្នូ ខែល និងដាវជាដើម។
- សំរាក
៤ ឱព្រះជាម្ចាស់អើយ
ព្រះអង្គប្រកបដោយសិរីរុងរឿង
គួរជាទីស្ញប់ស្ញែង
នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ
ក្រោយពីបានយកជ័យជំនះ។
៥ ព្រះអង្គបានដកអាវុធពីអ្នក
ចំបាំងដ៏ជំនាញទាំងនោះ
ពួកគេដេកលង់លក់បាត់ស្មារតី
ទាហានដ៏ពូកែទាំងនោះ
លែងមានកម្លាំងច្បាំងទៀតហើយ។
៦ ឱព្រះនៃលោកយ៉ាកុបអើយ
ពេលព្រះអង្គស្រែកគំរាម
កងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។
៧ ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច
ទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
៨ ព្រះអង្គមានព្រះបន្ទូលជំនុំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់
ដោយកោតខ្លាច
៩ គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស
និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន
នៅលើផែនដីនេះ។
- សំរាក
១០ ព្រះអង្គធ្វើអោយកំហឹងរបស់មនុស្សលោក
ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
ហើយអស់អ្នកដែលនៅសេសសល់
ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១១ ចូរថ្វាយទៅព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ
ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ
អស់អ្នកដែលនៅជុំវិញព្រះ
ដ៏គួរអោយស្ញែងខ្លាចអើយ
ចូរយកតង្វាយមកថ្វាយព្រះអង្គ!
១២ ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានា
ហើយធ្វើអោយព្រះមហាក្សត្រទាំងឡាយ
នៅលើផែនដីស្ញែងខ្លាចព្រះអង្គ។