៨២
ព្រះជាម្ចាស់ជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត
ទំនុកតម្កើងរបស់លោកអេសាភ។
១ ព្រះជាម្ចាស់គង់នៅ
ក្នុងអង្គប្រជុំរបស់ព្រះអង្គ។
ព្រះអង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។
២ តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌
គឺអោយមនុស្សអាក្រក់ឈ្នះដូច្នេះ
ដល់កាលណាទៀត?
- សំរាក
៣ ចូររកយុត្តិធម៌អោយមនុស្សទន់ខ្សោយ
និងក្មេងកំព្រា
ចូរកាត់ក្ដីអោយមនុស្សកំសត់ទុគ៌ត
និងមនុស្សតោកយ៉ាក។
៤ ចូររំដោះមនុស្សទន់ខ្សោយ និងមនុស្សក្រីក្រ
ចូរយកពួកគេចេញអោយផុតពីកណ្ដាប់ដៃ
របស់មនុស្សអាក្រក់។
៥ អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់
អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត
អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌
ដែលជាគ្រឹះនៃពិភពលោក។
៦ យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ
អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ
ដ៏ខ្ពង់ខ្ពស់បំផុត។
៧ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក
អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត
ដូចអ្នកធំបាត់បង់តំណែងដែរ។
៨ ឱព្រះជាម្ចាស់អើយ
សូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោក
ដ្បិតមនុស្សគ្រប់ជាតិសាសន៍
សុទ្ធតែជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ!។