៨៤
ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ​ណាស់!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សំរាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
១ ឱ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់
របស់​ព្រះអង្គ​ណាស់!
២ ទូលបង្គំ​អន្ទះអន្ទែង​ប្រាថ្នា​ចង់​ចូល
ទៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់​ពន់​ពេក​ក្រៃ
ទូលបង្គំ​បន្លឺ​សំឡេង​តម្កើង​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ
អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។
៣ ឱ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ឱ​ព្រះជាម្ចាស់​ជា​ព្រះមហាក្សត្រ​នៃ​ទូលបង្គំ​អើយ!
សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀកកាំ
ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា
នៅ​ជិត​អាសនៈ​របស់​ព្រះអង្គ​ដែរ។
៤ មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ
គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​រៀង​ទៅ!។
- សំរាក
 
៥ អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ព្រះដំណាក់
របស់​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះសរ។
៦ នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីងស្ងួត
ព្រះអង្គ​បាន​ធ្វើ​អោយ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក
ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក
ជា​ព្រះពរ​លើ​កន្លែង​នោះ​ដែរ។
៧ ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជានិច្ច
នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​ព្រះជាម្ចាស់
នៅ​លើ​ភ្នំ​ស៊ីយ៉ូន។
៨ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
សូម​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ!
ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ​ផង!។
- សំរាក
 
៩ ឱ​ព្រះជាម្ចាស់​អើយ
ព្រះអង្គ​ជា​ខែល​ការពារ​យើង​ខ្ញុំ
សូម​ទ្រង់​ព្រះ​សន្ដោស​ទត​មក​ព្រះរាជា
ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក!។
 
១០ មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ
ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត
ហេតុ​នេះ​បាន​ជា​ខ្ញុំ​សំរេច​ចិត្ត​ឈរ​នៅ
មាត់​ទ្វារ​ព្រះដំណាក់​នៃ​ព្រះជាម្ចាស់​របស់​ខ្ញុំ
ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់
១១ ដ្បិត​ព្រះជាអម្ចាស់​ជា​ពន្លឺ​ថ្ងៃ
និង​ជា​ខែល​ការពារ​យើង
ព្រះអម្ចាស់​ប្រណី​សន្ដោស
និង​ប្រទាន​អោយ​យើង​បាន​រុងរឿង
ព្រះអង្គ​តែងតែ​ប្រទាន​សុភមង្គល​អោយ​អស់​អ្នក
ដែល​រស់​នៅ ដោយ​គ្មាន​សៅហ្មង។
១២ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
អ្នក​ណា​ទុក​ចិត្ត​លើ​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។