៨៧
ក្រុង​ស៊ីយ៉ូន ជា​ប្រភព​នៃ​ព្រះពរ​របស់​យើង
ទំនុកតម្កើង​របស់​កូន​ចៅ​លោក​កូរេ។ ចំរៀង​តម្កើង​ព្រះជាម្ចាស់។
១ ព្រះអម្ចាស់​បាន​សង់​ក្រុង
យេរូសាឡឹម​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ។
២  ព្រះអម្ចាស់​ស្រឡាញ់​បុរី​ស៊ីយ៉ូន
ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់
នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។
៣ ឱ​ក្រុង​របស់​ព្រះជាម្ចាស់​អើយ
គេ​លើក​តម្កើង​សិរីរុងរឿង​របស់​អ្នក
ដោយ​ពោល​ថា:
- សំរាក
 
៤ “ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ
មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប
អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ីឡូន
ខ្លះ​ទៀត​នៅ​ស្រុក​ភីលីស្ទីន
ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស
និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូពី”
៥ ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ
គេ​ពោល​ថា
“យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ
មក​ពី​ក្រុង​ស៊ីយ៉ូន!”
ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ធ្វើ​អោយ​ក្រុង​នេះ​រឹងមាំ។
៦  ព្រះអម្ចាស់​រាប់​ចំនួន​ប្រជារាស្ត្រ​នានា​ចុះ​ក្នុង​បញ្ជី
ហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើត
របស់​ពួក​គេ​ទាំង​អស់​គ្នា។
៧ ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង
ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះពរ​របស់​យើង!”។