១៨
ជ័យជំនះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង
(២សាំយូអែល ៨:១-១៤)
១ ក្រោយមកព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ និងស្រុកភូមិនៅជុំវិញពីកណ្ដាប់ដៃរបស់ពួកគេ។
២ ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
៣ ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
៤ ព្រះបាទដាវីឌរឹបអូសយកបានរទេះចំបាំងចំនួន១ ០០០គ្រឿង ពីព្រះបាទហាដារេស៊ើរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០នាក់។ ស្ដេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។
៥ ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដារេស៊ើរជាស្ដេចស្រុកសូបា។ ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។
៦ ព្រះបាទដាវីឌបានដាក់ទេសាភិបាល អោយត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
៧ ព្រះបាទដាវីឌរឹបអូសយកខែលមាស ពីពួកមេទ័ពរបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
៨ ព្រះបាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។ ក្រោយមក ព្រះបាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះវិហារ។
៩ កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូល របស់ព្រះបាទហាដារេស៊ើរជាស្ដេចក្រុងសូបា
១០ ស្ដេចក៏ចាត់សម្ដេចយ៉ូរ៉ាមជាបុត្រ អោយចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជំនះ លើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដារេស៊ើរដែរ។
១១ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចមាសប្រាក់ដែលស្ដេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
១២ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ាបានប្រហារជនជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។
១៣ លោកដាក់ទេសាភិបាលអោយត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
(២សាំយូអែល ៨:១៥-១៨)
១៤ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
១៥ លោកយ៉ូអាប់កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាតកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
១៦ លោកសាដុកកូនរបស់លោកអហ៊ីតូប និងលោកអហ៊ីម៉ាឡេកកូនរបស់លោកអបៀថើរ ជាបូជាចារ្យ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។
១៧ លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្ដេច។