២០
អ៊ីស្រាអែលដណ្ដើមយកក្រុងរ៉ាបាត
(២សាំយូអែល ១១:១, ១២:២៦-៣០)
១ មួយឆ្នាំក្រោយមក នៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកំទេចស្រុកអាំម៉ូន ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌទ្រង់គង់នៅក្រុងយេរូសាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត រួចបំផ្លាញក្រុងនោះចោល។
២ ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្ដេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាសទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះ មកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។
៣ រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំអោយអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ជាមួយកងទ័ពទាំងមូល។
ជ័យជំនះលើជនជាតិភីលីស្ទីន
(២សាំយូអែល ២១:១៨-២២)
៤ ក្រោយមជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះលោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។
៥ បន្ទាប់មក មានកើតសង្គ្រាមជាថ្មី ជាមួយជនជាតិភីលីស្ទីន។ លោកអែលហាណានជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលីយ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកីតម្បាញ។
៦ ក្រោយមកមានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។
៧ គាត់បានហៅជនជាតិអ៊ីស្រាអែល អោយចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោល។
៨ ទាហានភីលីស្ទីន ដែលព្រះបាទដាវីឌ និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផា នៅក្រុងកាថ។