២៣
មុខងារ​របស់​ក្រុម​លេវី
១ កាល​ព្រះបាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្ដេច​បាន​តែងតាំង​សម្ដេច​សាឡូម៉ូន​ជា​បុត្រ អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល។
២ ព្រះបាទ​ដាវីឌ​ត្រាស់​ហៅ​មន្ត្រី​ទាំង​អស់​របស់​អ៊ីស្រាអែល ព្រម​ទាំង​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អោយ​ចូល​មក​គាល់។ ៣ គេ​បាន​រាប់​ក្រុម​លេវី​ម្ដង​ម្នាក់ៗ ចាប់​ពី​អ្នក​ដែល​មាន​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៣៨ ០០០ នាក់។ ៤ ព្រះបាទ​ដាវីឌ​បាន​ចាត់​តាំង​ពួក​គេ ២៤ ០០០ នាក់ អោយ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ៦ ០០០ នាក់ អោយ​ធ្វើ​ជា​មន្ត្រី​រាជ​ការ និង​ចៅក្រម។ ៥ ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ព្រះដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើង​ព្រះអម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្ដេច​បាន​ធ្វើ​សំរាប់​ប្រគំ​កំដរ។
៦ ព្រះបាទ​ដាវីឌ​បាន​បែង​ចែក​កូន​ចៅ​លេវី ជា​ក្រុម​តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គើរសុន អំបូរ​កេហាត់ និង​អំបូរ​ម៉្រារី។
៧ កូន​របស់​លោក​គើរសុន មាន: ឡាអាដាន និង​ស៊ីម៉ៃ។ ៨ កូន​របស់​លោក​ឡាអាដាន មាន​បី​នាក់​គឺ យេហ៊ីអែល​ជា​មេ​ដឹក​នាំ សេថាម និង​យ៉ូអែល។ ៩ កូន​របស់​លោក​ស៊ីម៉ៃ មាន​បី​នាក់ គឺ សឡូមីត ហាស៊ាល និង​ហារ៉ាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាអាដាន។ ១០ លោក​ស៊ីម៉ៃ​មាន​កូន​បួន​នាក់​ទៀត គឺ​យ៉ាហាត់ ស៊ីណា យេអ៊ូស និង​បេរា។ ១១ លោក​យ៉ាហាត ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីណា​ជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូស និង​លោក​បេរា​គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។
១២ កូន​របស់​លោក​កេហាត់ មាន​បួន​នាក់​គឺ អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល។ ១៣ កូន​របស់​លោក​អាំរ៉ាម​មាន លោក​អើរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បំរើ​ការ​ក្នុង​ទីសក្ការៈ​វិសុទ្ធ​បំផុត​ រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ព្រះអម្ចាស់​បំរើ​ការងារ​របស់​ព្រះអង្គ និង​ជូន​ពរ​ប្រជាជន​ក្នុង​នាម​ព្រះអង្គ រហូត​ត​រៀង​ទៅ។ ១៤ រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។ ១៥ កូន​របស់​លោក​ម៉ូសេ​គឺ គើរសុន និង​លោក​អេលាស៊ើរ។ ១៦ កូន​របស់​លោក​គើរសុន​មាន លោក​សេបួល ដែល​ជា​មេ​ដឹក​នាំ។ ១៧ លោក​អេលាស៊ើរ មាន​កូន​ប្រុស​តែ​មួយ​ឈ្មោះ​រេហាបយ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាបយ៉ា​មាន​កូន​ជា​ច្រើន។ ១៨ កូន​របស់​លោក​យីតសារ មាន​លោក​សឡូមីត​ជា​មេ​ដឹក​នាំ។ ១៩ កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរីយ៉ា​ជា​មេ​ដឹក​នាំ​លោក​អម៉ារា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហាសៀល ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកាមាម ជា​មេ​ដឹក​នាំ​ទី​បួន។ ២០ កូន​របស់​លោក​អ៊ូស៊ាល​គឺ លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីសយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។
២១ កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់លី និង​មូស៊ី។ កូន​របស់​លោក​ម៉ាស់លី​មាន អេឡាសារ និង​លោក​គីស។ ២២ លោក​អេឡាសារ​ទទួល​មរណភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀបការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ។ ២៣ កូន​របស់​លោក​មូស៊ី មាន​បី​នាក់ គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត។
២៤ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារកិច្ច​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ២៥ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រោស​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​គង់​នៅ​ក្រុង​យេរូសាឡឹម​រហូត​ត​ទៅ។ ២៦ ដូច្នេះ​ពួក​លេវី​មិន​ចាំបាច់​សែង​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះពន្លា​ទៀត​ឡើយ»។ ២៧ គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ។ ២៨ ពួក​គេ​ត្រូវ​បំពេញ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទីលាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជំរះ​វត្ថុ​សក្ការៈ​ទាំង​អស់​អោយ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ ២៩ ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ រៀបចំ​ម្សៅ​ម៉ដ្ដ​សំរាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀបចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។ ៣០ ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះគុណ​ព្រះអម្ចាស់ ៣១ ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ* ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជានិច្ច។ ៣២ ពួក​គេ​ត្រូវ​មើល​ថែរក្សា​ព្រះពន្លា​ជួប​ព្រះអម្ចាស់ និង​ទីសក្ការៈ ហើយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ក្រោម​បញ្ជា​កូន​ចៅ​លោក​អើរ៉ុន ដែល​ជា​បង​ប្អូន​របស់​ពួក​គេ។