២៧
ការចាត់ចែងអាជ្ញាធរទាហាន
១ នេះជាបញ្ជីជនជាតិអ៊ីស្រាអែល ដែលត្រូវបំរើការងារថ្វាយស្ដេច តាមចំនួនមេក្រុមគ្រួសារ មេបញ្ជាការ មេកង មេក្រុម និងនាយទាហាន ដែលជាជំនួយរបស់ស្ដេច ក្នុងការចែកវេនកងពល ចេញទៅប្រតិបត្តិការរៀងរាល់ខែក្នុងមួយឆ្នាំៗ។ កងពលនីមួយៗ មានទាហាន ២៤ ០០០ នាក់។
២ កងពលទីមួយ ដែលចេញប្រតិបត្តិការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសុបៀម ជាកូនរបស់លោកសាបឌាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
៣ លោកយ៉ាសុបៀម ជាពូជពង្សរបស់លោកពេរេស។ ក្នុងខែទីមួយនោះ គាត់ជាអ្នកដឹកនាំមេបញ្ជាការកងទ័ពទាំងអស់។
៤ កងពលទីពីរ ដែលចេញប្រតិបត្តិការនៅខែទីពីរ ដឹកនាំដោយលោកដូដាយ ជាពូជពង្សរបស់លោកអហូអា។ កងពលរបស់គាត់មានទាហាន២៤ ០០០ នាក់ ហើយមានលោកមីកឡូត ជាសហមេបញ្ជាការ។
៥ មេបញ្ជាការរបស់កងពលទីបី ដែលចេញប្រតិបត្តិការនៅខែទីបី គឺលោកបេណាយ៉ា ជាកូនរបស់បូជាចារ្យយេហូយ៉ាដា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
៦ លោកបេណាយ៉ា ជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយគាត់ជាមេដឹកនាំរបស់ពួកគេផង។ លោកអាំមីសាបាជាកូនរបស់គាត់ក៏ស្ថិតនៅក្នុងកងពលនេះដែរ។
៧ កងពលទីបួនដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់ គឺលោកសេបាឌា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
៨ កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមហ៊ូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
៩ កងពលទីប្រាំមួយ ដែលចេញប្រតិបត្តិការនៅខែទីប្រាំមួយ ដឹកនាំដោយលោកអ៊ីរ៉ា ជាកូនរបស់លោកអ៊ីកគែស ជាអ្នកក្រុងត្កូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
១០ កងពលទីប្រាំពីរ ដែលចេញប្រតិបត្តិការនៅខែទីប្រាំពីរ ដឹកនាំដោយលោកហេលែស ជាពូជពង្សរបស់លោកពេឡូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
១១ កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបាកាយ ជាពូជពង្សរបស់លោកហ៊ូសាយ នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
១២ កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអបៀស៊ើរ ជាអ្នកភូមិអាណាថោត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
១៣ កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
១៤ កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
១៥ កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហេលដាយ ជាអ្នកស្រុកនេថូផា នៃអំបូរអូធ្នាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
ការចាត់ចែងអាជ្ញាធរស៊ីវិល
១៦ មេដឹកនាំកុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រាអែលមានដូចតទៅ:
មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលាស៊ើរ ជាកូនរបស់លោកស៊ីកគ្រី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន គឺលោកសេផាធា ជាកូនរបស់លោកម៉ាកា។
១៧ មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់លោកអើរ៉ុន គឺ លោកសាដុក។
១៨ មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។
១៩ មេដឹកនាំកុលសម្ព័ន្ធសាប់យូឡូន គឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរាល។
២០ មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។
២១ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺ លោកយ៉ីដូរ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
២២ មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រាអែល។
២៣ ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើអោយជនជាតិអ៊ីស្រាអែល កើនចំនួនច្រើនដូចផ្កាយនៅលើមេឃ។
២៤ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាចាប់ផ្ដើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងអ៊ីស្រាអែលព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។
អ្នកគ្រប់គ្រងរាជ្យទ្រព្យ
២៥ លោកអាសម៉ាវែត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជ្យទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចំការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអ៊ូស៊ីយ៉ា ជាអ្នកមើលខុសត្រូវ។
២៦ លោកអែសរីជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចំការថ្វាយស្ដេច។
២៧ លោកស៊ីម៉ាយជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចំការទំពាំងបាយជូររបស់ស្ដេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចំការ។
២៨ លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចំការអូលីវ និងចំការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាស ជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។
២៩ លោកស៊ីតរ៉ាយជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអ័ឌឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។
៣០ លោកអូប៊ីលជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេដាយ៉ាជាអ្នកស្រុកមេរ៉ូន មើលខុសត្រូវលើហ្វូងលា។
៣១ លោកយ៉ាស៊ីសជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
អ្នកជំនិតរបស់ព្រះបាទដាវីឌ
៣២ លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ព្រះបាទដាវីឌ មាននាទីជាទីប្រឹក្សារបស់ស្ដេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្ដេច។
៣៣ លោកអហ៊ីថូផែល ក៏ជាទីប្រឹក្សារបស់ស្ដេចដែរ។ លោកហ៊ូសាយជាជនជាតិអើគី ជាមិត្តរបស់ស្ដេច។
៣៤ លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអបៀថើរបានបន្តមុខងាររបស់លោកអហ៊ីថូផែល។ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពរបស់ស្ដេច។