៥
កុលសម្ព័ន្ធរូបេន
១ នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បង ត្រូវបានផ្ទេរទៅអោយកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។
២ រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្ដេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល កើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល។
៣ កូនរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែល មាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។
៤ រីឯកូនចៅរបស់លោកយ៉ូអែល មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: គឺសេម៉ា-យ៉ា កុក ស៊ីម៉ាយ
៥ មីកា រីអាយ៉ា បាល
៦ និងបេរ៉ាដែលត្រូវព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។
៧ បងប្អូនរបស់គាត់ មានឈ្មោះក្នុងបញ្ជីរាយនាម តាមអំបូរ តាមវង្សត្រកូលដូចតទៅ: អ្នកទីមួយ គឺលោកយីអែល បន្ទាប់មក លោកសាការី
៨ លោកបេឡាជាកូនរបស់លោកអសាស ជាចៅរបស់លោកសេម៉ា និងជាចៅទួតរបស់លោកយ៉ូអែល។
កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ ដែលគិតចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។
៩ នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអឺប្រាត រហូតដល់វាលរហោស្ថាន ដ្បិតគេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។
១០ នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។
កុលសម្ព័ន្ធកាដ
១១ ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេនក្នុងស្រុកបាសាន និងរហូតដល់សាលកា។
១២ លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។
១៣ បងប្អូនពួកគេប្រាំពីរនាក់ទៀត មានឈ្មោះតាមក្រុមគ្រួសារដូចតទៅ: គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។
១៤ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់លោកហ៊ូរី លោកហ៊ូរី ជាកូនរបស់លោកយ៉ារ៉ូអា លោកយ៉ារ៉ូអា ជាកូនរបស់លោកកាឡាដ លោកកាឡាដជាកូនរបស់លោកមីកែល លោកមីកែល ជាកូនរបស់លោកយេស៊ីសាយ លោកយេស៊ីសាយ ជាកូនរបស់លោកយ៉ាដោ លោកយ៉ាដោ ជាកូនរបស់លោកប៊ូស។
១៥ លោកអហ៊ីជាកូនរបស់លោកអ័បឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
១៦ អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
១៧ អ្នកទាំងនោះមានឈ្មោះក្នុងបញ្ជីជំរឿនប្រជាជននៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្ដេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែល។
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត
១៨ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហានចំនួន ៤៤ ៧៦០នាក់ ដែលអាចចេញទៅធ្វើសឹកសង្គ្រាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចំបាំង។
១៩ ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។
២០ នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេអោយមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
២១ ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមាន អូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។
២២ ខ្មាំងសត្រូវក៏ខាតបង់ជីវិតមនុស្សជាច្រើននាក់ដែរ ដ្បិតចំបាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅត្រើយខាងកើតទន្លេយ័រដាន់
២៣ កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។
២៤ រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ មានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
២៥ ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបំរើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។
២៦ ហេតុនេះព្រះរបស់ជនជាតិអ៊ីស្រាអែល បានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី អោយវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរ ក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាលទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។