១៥
ព្រះបាទអេសាកែទំរង់សាសនា
១ គ្រានោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកអសារា ជាកូនរបស់លោកអូដេត។
២ លោកក៏ចេញទៅគាល់ព្រះបាទអេសាហើយទូលថា៖
«បពិត្រព្រះរាជាអេសា
ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន
ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ!
ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា
កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។
ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ
នោះព្រះអង្គនឹងអោយអ្នករាល់គ្នារកឃើញ។
ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ
នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
៣ ក្នុងអំឡុងពេលដ៏យូរលង់ជនជាតិអ៊ីស្រាអែល គ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសំរាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
៤ ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏អោយពួកគេរកឃើញ។
៥ នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។
៦ ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើអោយពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។
៧ ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួនមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
៨ កាលព្រះបាទអេសាទ្រង់ព្រះសណ្ដាប់ឮពាក្យទាំងប៉ុន្មាន ដែលព្យាការីអសារា ជាកូនរបស់លោកអូដេតបានថ្លែង ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលទ្រង់វាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្ដេចជួសជុលអាសនៈរបស់ព្រះអម្ចាស់ ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ជាថ្មីឡើងវិញ។
៩ ព្រះបាទអេសាប្រមូលផ្ដុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្ដេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។
១០ ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះបាទអេសា។
១១ នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជយភ័ណ្ឌ មកថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។
១២ ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
១៣ ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្ដី ប្រុស ឬស្រីក្ដី មិនស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
១៤ ពួកគេនាំគ្នាស្បថចំពោះព្រះអម្ចាស់ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។
១៥ អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកព្រះអម្ចាស់ដោយចិត្តស្មោះសរ ហើយព្រះអង្គក៏អោយពួកគេរកព្រះអង្គឃើញ ព្រមទាំងប្រោសប្រទានអោយពួកគេបានសុខសាន្តគ្រប់ទិសទី។
១៦ ព្រះបាទអេសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកាជាមាតា ព្រោះមាតាបានកសាងរូបគំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកំទេចរូបដ៏គំរក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។
១៧ ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិតក្ដី ក៏ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
១៨ ព្រះរាជានាំតង្វាយដែលបិតារបស់ស្ដេច និងស្ដេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។
១៩ រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលព្រះបាទអេសា ស្រុកគ្មានសង្គ្រាមទេ។