១៩
ព្រះបាទយ៉ូសាផាតតែងតាំងចៅក្រមនៅស្រុកយូដា
១ ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។
២ លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះករុណា។
៣ ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
៤ ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជារាស្ត្រតាំងពីបៀរសេបាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេអោយវិលមករកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។
៥ ស្ដេចបានតែងតាំងអោយមានចៅក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
៦ ស្ដេចមានរាជឱង្ការទៅកាន់ចៅក្រមទាំងនោះថា៖ «ចូរប្រុងប្រយ័ត្ននឹងកិច្ចការដែលអស់លោកធ្វើ ដ្បិតអស់លោកកាត់ក្ដី មិនមែនតាមបែបមនុស្សលោកទេ គឺតាមព្រះអម្ចាស់វិញ ព្រះអង្គនឹងគង់នៅជាមួយអស់លោកក្នុងពេលដែលអស់លោកកាត់ក្ដី។
៧ ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
៨ ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ព្រះបាទយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមបូជាចារ្យ និងមេលើក្រុមគ្រួសារអ៊ីស្រាអែល នៅក្រុងយេរូសាឡឹមអោយកាត់ក្ដី ក្នុងនាមព្រះអម្ចាស់ ព្រមទាំងដោះស្រាយជម្លោះដែរ។
៩ ស្ដេចបង្គាប់ទៅលោកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាចព្រះអម្ចាស់ដោយចិត្តស្មោះត្រង់ និងឥតលំអៀង។
១០ ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្ដីអំពីក្រឹត្យវិន័យ ច្បាប់បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំអោយអស់លោកកាត់ក្ដី ក្នុងគ្រប់ករណីអស់លោកត្រូវក្រើនរំលឹកពួកគេអោយដឹងខ្លួន ដើម្បីកុំអោយពួកគេប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ ហើយកុំអោយព្រះអង្គទ្រង់ព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំអោយមានកំហុស។
១១ លោកមហាបូជាចារ្យអម៉ារា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងព្រះអម្ចាស់។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្ដេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមព្រះអម្ចាស់ គង់ជាមួយអ្នកដែលបំពេញមុខងារបានល្អ»។