២២
ព្រះបាទអហាស៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(២ពង្សាវតារក្សត្រ ៨:២៥-២៩, ៩:២១-២៩)
១ ប្រជាជននៅក្រុងយេរូសាឡឹម នាំគ្នាលើកសម្ដេចអហាស៊ីយ៉ា ជាបុត្រពៅរបស់ព្រះបាទយ៉ូរ៉ាម អោយឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជនជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុកលុយស្រុក។ ហេតុនេះហើយបានជាព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។
២ ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាចៅរបស់ព្រះបាទអូមរី។
៣ ព្រះបាទអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សព្រះបាទអហាប់ដែរ ដ្បិតមាតាជួយគំនិតស្ដេចអោយប្រព្រឹត្តអំពើអាក្រក់។
៤ ស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជវង្សរបស់ព្រះបាទអហាប់ ជួយគំនិតព្រះបាទអហាស៊ីយ៉ាដែលជំរុញអោយស្ដេចត្រូវវិនាស។
៥ ស្ដេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ ស្ដេចស្រុកអ៊ីស្រាអែល ចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរីនៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពេលនោះ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមរបួស។
៦ ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅក្រុងរ៉ាម៉ា ក្នុងពេលស្ដេចប្រយុទ្ធជាមួយព្រះបាទហាសែល ស្ដេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្ដេចស្រុកយូដា យាងចុះទៅក្រុងយីសរាល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអហាប់ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។
៧ ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើអោយព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូវជាស្ដេច ដើម្បីអោយលោករំលាយរាជវង្សព្រះបាទអហាប់។
៨ លោកយេហ៊ូវធ្វើទោសរាជវង្សព្រះបាទអហាប់ ថ្វាយព្រះជាម្ចាស់ ហើយពេលលោកជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ព្រះបាទអហាស៊ីយ៉ា ដែលជារាជបំរើរបស់ស្ដេច នោះលោកក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។
៩ លោកយេហ៊ូវអោយគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្ដេចបាននៅក្រុងសាម៉ារី ព្រោះស្ដេចពួននៅទីនោះ។ គេនាំស្ដេចទៅជួបលោកយេហ៊ូវ ហើយលោកក៏ធ្វើគុតស្ដេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្ដេច ដ្បិតគេគិតថា ស្ដេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។
ព្រះនាងអថាលាដណ្ដើមអំណាចនៅក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១១:១-៣)
១០ កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងសំរេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្ដេចស្រុកយូដា។
១១ ពេលនោះ ម្ចាស់ក្សត្រីយ៍យ៉ូសេបាបានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារនៅជាមួយផង។ ម្ចាស់ក្សត្រីយ៍យ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនអោយព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏បានរួចពីស្លាប់។
១២ ក្នុងពេលដែលព្រះនាងអថាលាគ្រងរាជ្យលើស្រុក រាជកុមារលាក់ខ្លួនជាមួយគេ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។