៣
ការសង់ព្រះវិហារ
(១ពង្សាវតារក្សត្រ ៦:១-៣៨)
១ ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលព្រះអម្ចាស់បានបង្ហាញព្រះបាទដាវីឌជាបិតា គឺកន្លែងដែលព្រះបាទដាវីឌបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
២ ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់ស្ដេច។
៣ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅលើគ្រឹះដែលមានបណ្ដោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។
៤ បន្ទប់ល្វែងខាងមុខមានបណ្ដោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ មានកំពស់មួយរយម្ភៃហត្ថ ហើយស្ដេចអោយគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។
៥ នៅតាមជញ្ជាំងបន្ទប់ធំ ស្ដេចបានអោយគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។
៦ ស្ដេចអោយគេតុបតែងលំអបន្ទប់នេះ ដោយត្បូងពេជ្រដ៏មានតម្លៃ ហើយមាសដែលស្រោបនោះ សុទ្ធតែជាមាសមកពីស្រុកផាវែម។
៧ ក្នុងព្រះដំណាក់នោះ ស្ដេចអោយគេស្រោបមាសទាំងធ្នឹម ទាំងក្របទ្វារ ទាំងជញ្ជាំង ទាំងសន្លឹកទ្វារ ហើយអោយគេឆ្លាក់រូបចេរូប៊ីន នៅលើជញ្ជាំងទៀតផង។
៨ ស្ដេចបានសង់បន្ទប់មួយ ហៅថា «ទីសក្ការៈបំផុត» មានបណ្ដោយម្ភៃហត្ថ ស្របនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ ហើយទទឹងរបស់បន្ទប់នោះ ក៏មានម្ភៃហត្ថដែរ។ ផ្នែកខាងក្នុងស្ដេចអោយគេស្រោបមាស ដែលមានគុណភាពខ្ពស់ ទម្ងន់ ៦០០ហាប។
៩ រីឯមាសដែលប្រើសំរាប់ធ្វើដែកគោល មានទម្ងន់ហាសិបតម្លឹង ហើយបន្ទប់ខាងលើក៏ស្រោបមាសដែរ។
១០ នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្ដេចអោយគេឆ្លាក់រូបចេរូប៊ីន*មួយគូ ព្រមទាំងស្រោបមាសផង។
១១ ស្លាបរបស់ចេរូប៊ីនទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ចេរូប៊ីនទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងព្រះដំណាក់ ស្លាបម្ខាងទៀត ប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីពីរ
១២ រីឯស្លាបរបស់ចេរូប៊ីនទីពីរមានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។
១៣ ដូច្នេះ ស្លាបរបស់ចេរូប៊ីនទាំងពីរដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។
១៤ ស្ដេចបានអោយគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ដ មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបចេរូប៊ីន នៅលើក្រណាត់នោះផង។
សសរ និងអាសនៈលង្ហិន
១៥ ស្ដេចបានអោយគេធ្វើសសរពីរ មានកំពស់សាមសិបប្រាំហត្ថ ដាក់នៅមុខព្រះដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកំពស់ប្រាំហត្ថ។
១៦ ស្ដេចអោយគេធ្វើក្បាច់ច្រវាក់ ដូចនៅក្នុងទីសក្ការៈ ដាក់ភ្ជាប់ចុងខាងលើសសរដែរ។ បន្ទាប់មក ស្ដេចអោយគេធ្វើក្បាច់ផ្លែទទឹម ចំនួនមួយរយ ភ្ជាប់ទៅនឹងក្បាច់ច្រវាក់ផង។
១៧ ស្ដេចអោយគេបញ្ឈរសសរទាំងពីរនៅមុខព្រះដំណាក់ គឺ សសរមួយនៅខាងស្ដាំ សសរមួយទៀតនៅខាងឆ្វេង រួចដាក់ឈ្មោះសសរខាងស្ដាំថា យ៉ាគីន និងសសរខាងឆ្វេង បូអូស។