៣០
ព្រះបាទ​ហេសេគា​កោះ​ហៅ​ប្រជាជន​មក​ធ្វើ​ពិធី​បុណ្យ​ចម្លង​នៅ​ក្រុង​យេរូសាឡឹម
១ ព្រះបាទ​ហេសេគា​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា ទ្រង់​ក៏​សរសេរ​រាជសារ​ផ្ញើ​ទៅ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ម៉ាណាសេ អញ្ជើញ​ពួក​គេ​មក​ព្រះដំណាក់​របស់​ព្រះអម្ចាស់​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ២ ព្រះរាជា និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ខែ​ទី​ពីរ​។ ៣ គេ​ពុំ​អាច​ប្រារព្ធ​ពិធី​នេះ​ចំ​ពេល​កំណត់​ឡើយ ព្រោះ​ក្រុម​បូជាចារ្យ​ពុំ​ទាន់​បាន​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​ប្រជាជន​ក៏​ពុំ​ទាន់​មក​ជួបជុំ​គ្នា នៅ​ក្រុង​យេរូសាឡឹម​នៅ​ឡើយ​ដែរ។ ៤ ព្រះរាជា និង​អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សំរុង​គ្នា​បែប​នេះ ៥ ហើយ​សំរេច​ចេញ​សេចក្ដី​ប្រកាស​មួយ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ចាប់​ពី​បៀរសេបា​រហូត​ដល់​ក្រុង​ដាន់ ដើម្បី​អញ្ជើញ​ប្រជាជន​មក​ក្រុង​យេរូសាឡឹម ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ៦ ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា​ទាំង​មូល នាំ​សេចក្ដី​ប្រកាស​ដែល​ឡាយ​ព្រះហស្ដ​ដោយ​ព្រះរាជា និង​ចុះ​ហត្ថលេខា​ដោយ​ពួក​មន្ត្រី។ ពួក​គេ​ប្រកាស​តាម​បញ្ជា​របស់​ស្ដេច​ដូច​ត​ទៅ៖ «កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់ ហើយ​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រាអែល ដើម្បី​អោយ​ព្រះអង្គ​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ ៧ មិន​ត្រូវ​ធ្វើ​ដូច​ដូនតា ឬ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​បោះ​បង់​ចោល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​នោះ​ឡើយ។ ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​វិនាស​អន្តរាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ ៨ ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹងរូស ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ព្រះអម្ចាស់ ហើយ​នាំ​គ្នា​មក​ទីសក្ការៈ ដែល​ព្រះអង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​អោយ​ព្រះអង្គ​លែង​ព្រះពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។ ៩ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះអម្ចាស់​វិញ បង​ប្អូន និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​ការ​អាណិត​មេត្តា​ពី​សំណាក់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តែងតែ​ប្រណី​សន្ដោស ទ្រង់​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះអង្គ​វិញ​នោះ ព្រះអង្គ​នឹង​មិន​បែរ​ព្រះភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។
១០ ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ក្នុង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ រហូត​ដល់​ទឹក​ដី​សាប់យូឡូន តែ​ប្រជាជន​សើច​ចំអក និង​ប្រមាថ​មើលងាយ​ពួក​គេ។ ១១ ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ ម៉ាណាសេ និង​សាប់យូឡូន​ទទួល​ស្គាល់​កំហុស ហើយ​នាំ​គ្នា​មក​ក្រុង​យេរូសាឡឹម។ ១២ នៅ​ស្រុក​យូដា ព្រះជាម្ចាស់​ជំរុញ​ប្រជាជន​អោយ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្ដេច និង​ពួក​មន្ត្រី​ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ព្រះបាទ​ហេសេគា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល
១៣ ប្រជាជន​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* នៅ​ខែ​ទី​ពីរ។ ពេល​នោះ អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះករ។ ១៤ ពួក​គេ​ផ្ដើម​ពិធី​បុណ្យ ដោយ​នាំ​គ្នា​រំលំ​អាសនៈ​ទាំងឡាយ​នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​រំលំ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ទាំង​ប៉ុន្មាន រួច​យក​ទៅ​បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៥ បន្ទាប់​មក ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា សំរាប់​ពិធី​បុណ្យ​ចម្លង* នៅ​ថ្ងៃ​ទី​ដប់បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​នឹក​ខ្មាស​ខ្លួន​ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ១៦ ពួក​គេ​បំពេញ​មុខងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់។ ក្រុម​បូជាចារ្យ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។ ១៧ នៅ​ក្នុង​អង្គ​ប្រជុំ ដោយ​មាន​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ​នៅ​ឡើយ ក្រុម​លេវី​ក៏​សម្លាប់​សត្វ​សំរាប់​ពិធី​បុណ្យ​ចម្លង ជំនួស​អស់​អ្នក​ដែល​មិន​បរិសុទ្ធ ដើម្បី​ញែក​ពួក​គេ​ថ្វាយ​ព្រះអម្ចាស់ ១៨ ដ្បិត​ប្រជាជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និង​សាប់យូឡូន ពុំ​បាន​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះបាទ​ហេសេគា​ទូលអង្វរ​អោយ​ពួក​គេ​ថា៖ ១៩ «ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​សប្បុរស សូម​លើកលែង​ទោស​អោយ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះអង្គ​នៅ​ឡើយ​ក៏​ដោយ»។ ២០  ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​ព្រះបាទ​ហេសេគា ព្រះអង្គ​មិន​ធ្វើ​ទោស​ប្រជាជន​ឡើយ។
២១ ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​វត្តមាន​នៅ​ក្រុង​យេរូសាឡឹម នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​យ៉ាង​សប្បាយ​លើសលប់ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ ក្រុម​លេវី និង​ក្រុម​បូជាចារ្យ សរសើរ​តម្កើង​ព្រះអម្ចាស់ ដោយ​ប្រគំ​តូរ្យតន្ត្រី​យ៉ាង​រំពង​ថ្វាយ​ព្រះអង្គ។ ២២ ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​សុទ្ធសឹង​តែ​ជា​អ្នក​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះអម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ ប្រជាជន​បរិភោគ​សាច់​របស់​សត្វ ដែល​គេ​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព* ហើយ​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។
២៣ អង្គ​ប្រជុំ​ទាំង​មូល​បាន​ព្រម​ព្រៀង​គ្នា ប្រារព្ធ​ពិធី​បុណ្យ​ប្រាំពីរ​ថ្ងៃ​បន្ត​ទៀត។ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​នេះ ពួក​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ២៤ ដ្បិត​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា ផ្គត់ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​ប្រាំពីរ​ពាន់​ក្បាល​ដល់​ប្រជាជន ហើយ​ពួក​មន្ត្រី​ក៏​ផ្គត់ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​មួយ​ម៉ឺន​ក្បាល​ដល់​ប្រជាជន​ដែរ។ បូជាចារ្យ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​វិសុទ្ធ។ ២៥ អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​បូជាចារ្យ ក្រុម​លេវី ប្រជាជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រាអែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល​ក្ដី ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្ដី នាំ​គ្នា​សប្បាយ​រីករាយ​ក្រៃលែង។ ២៦ នៅ​ក្រុង​យេរូសាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រាអែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូសាឡឹម​ទេ។ ២៧ ក្រុម​បូជាចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជាជន។ ពាក្យ​ទូលអង្វរ​របស់​ពួក​គេ លាន់​ឮ​ឡើង រហូត​ដល់​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់​នៅ​ស្ថាន​បរមសុខ* ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​ពួក​គេ។