៩
ព្រះមហាក្សត្រិយានីស្រុកសេបាយាងមកគាល់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០:១-១៣)
១ ព្រះមហាក្សត្រិយានីស្រុកសេបា បានឮអំពីកិត្តិនាមដ៏ល្បីល្បាញរបស់ព្រះបាទសាឡូម៉ូន។ ដូច្នេះ ព្រះនាងក៏យាងមកក្រុងយេរូសាឡឹម ដើម្បីល្បងប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ដោយចោទសួរជាប្រស្នាផ្សេងៗ។ ព្រះនាងយាងមកដល់ ដោយមានរាជបំរើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើន ដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។
២ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះនាង គ្មានសំណួរណាមួយដែលស្ដេចឆ្លើយពុំរួចនោះឡើយ។
៣ ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្ដេចបានសង់
៤ ឃើញព្រះស្ងោយរបស់ស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រីរបៀបរបប និងឯកសណ្ឋានរបស់ពួករាជបំរើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានរាជសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖
៥ «ពាក្យទាំងប៉ុន្មានដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណា ពិតជាត្រឹមត្រូវមែន!
៦ មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះខ្ញុំម្ចាស់យល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំម្ចាស់ អំពីប្រាជ្ញាដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ត្រឹមត្រូវតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។
៧ ពួករាជបំរើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយព្រះករុណា ហើយឮរាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។
៨ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាអោយឡើងគ្រងរាជ្យក្នុងនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ហើយសព្វព្រះហឫទ័យអោយពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាអោយធ្វើជាស្ដេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។
៩ ព្រះមហាក្សត្រិយានីស្រុកសេបា យកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះ មកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។
១០ ពួករាជបំរើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបំរើរបស់ព្រះបាទសាឡូម៉ូន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។
១១ ព្រះបាទសាឡូម៉ូនយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្ដារក្រាលច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងស្ដេច ព្រមទាំងពិណ និងឃឹមសំរាប់ក្រុមចំរៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។
១២ រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូមស្ដេចប្រគល់អោយទាំងអស់។ ព្រះបាទសាឡូម៉ូនថ្វាយរបស់ទៅព្រះនាង លើសពីអ្វីៗដែលព្រះនាងបានយកមកថ្វាយស្ដេចទៅទៀត។ បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបំរើវិលត្រឡប់ទៅស្រុកសេបាវិញ។
រាជ្យទ្រព្យរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០:១៤-២៩)
១៣ ក្នុងមួយឆ្នាំៗព្រះបាទសាឡូម៉ូនទទួលមាសទម្ងន់ម្ភៃបីតោន។
១៤ លើសពីនោះមានមាសដែលបានមកពីពន្ធដារនៃទំនិញនាំចូល មាសដែលបានមកពីអ្នកជំនួញ ព្រមទាំងមាសប្រាក់ដែលស្ដេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងពួកទេសាភិបាល នាំយកមកថ្វាយព្រះបាទសាឡូម៉ូន។
១៥ ព្រះបាទសាឡូម៉ូនអោយគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗ មានទម្ងន់ប្រាំមួយគីឡូក្រាម
១៦ ខែលតូចៗពីមាស ចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយព្រះរាជាយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។
១៧ ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក ស្រោបមាសសុទ្ធ។
១៨ បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្ដើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។
១៩ មានរូបចម្លាក់សិង្ហដប់ពីរទៀត ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះដែរ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
២០ រីឯពែងទាំងប៉ុន្មានរបស់ស្ដេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ “ព្រៃស្រុកលីបង់” ក៏ធ្វើពីមាសសុទ្ធទាំងអស់ គេពុំធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។
២១ ព្រះបាទសាឡូម៉ូនមានសំពៅ សំរាប់ធ្វើជំនួញទៅស្រុកតើរស៊ីស ដោយមានរាជបំរើរបស់ព្រះបាទហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្ដងសំពៅទាំងនោះវិលត្រឡប់មកពីស្រុកតើរស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
២២ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសពីស្ដេចទាំងប៉ុន្មាននៅលើផែនដី។
២៣ ស្ដេចទាំងឡាយតែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្ដេច។
២៤ រៀងរាល់ឆ្នាំស្ដេចទាំងនោះតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្រ្ដាវុធ គ្រឿងក្រអូប សេះ និងលា។
២៥ ព្រះបាទសាឡូម៉ូនមានសេះ ៤ ០០០ ក្បាល សំរាប់ទឹមរទេះចំបាំង ហើយសេះ ១២ ០០០ ក្បាលទៀត សំរាប់ពលទ័ពសេះ ទ្រង់ទុកមួយចំនួនអោយនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតអោយទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសំរាប់ទ័ពទាំងនោះ។
២៦ ព្រះបាទសាឡូម៉ូនត្រួតត្រាលើស្ដេចទាំងអស់ ចាប់ពីទន្លេអឺប្រាត រហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប។
២៧ ព្រះរាជាបានធ្វើអោយក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដុះនៅតាមវាលទំនាប។
២៨ គេតែងតែនាំសេះពីស្រុកអេស៊ីប និងស្រុកដទៃទៀត មកថ្វាយព្រះបាទសាឡូម៉ូន។
ព្រះបាទសាឡូម៉ូនសោយទិវង្គត
(១ពង្សាវតារក្សត្រ ១១:៤១-៤៣)
២៩ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាគ្រូទាយ» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។
៣០ ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម អស់រយៈពេលសែសិបឆ្នាំ។
៣១ កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ជាបិតា។ ព្រះបាទរេហូបោម ជាបុត្របានឡើងស្នងរាជ្យ។