៨
ជីវិតរួមជាមួយព្រះវិញ្ញាណ
១ ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រិស្ដយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ
២ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រិស្ដយេស៊ូ បានរំដោះខ្ញុំអោយរួចផុតពីបាប និងពីសេចក្ដីស្លាប់។
៣ ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើអោយក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសំរេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ អោយយាងមកមាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែលជាមនុស្ស។
៤ ព្រះអង្គធ្វើដូច្នេះ ដើម្បីប្រោសយើងអោយបានសុចរិត ស្របតាមការតំរូវរបស់ក្រឹត្យវិន័យ គឺចំពោះយើងដែលមិនរស់នៅតាមនិស្ស័យលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ
៥ ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះវិញ្ញាណ។
៦ ការគិតខាងលោកីយ៍នាំអោយស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំអោយមានជីវិត និងសេចក្ដីសុខសាន្តវិញ
៧ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។
៨ អស់អ្នកដែលរស់នៅក្នុងនិស្ស័យលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ។
៩ ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។
១០ ប្រសិនបើព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតអោយបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនអោយបានសុចរិត។
១១ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រទានអោយរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
១២ ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម្យ៉ាងតែមិនមែនជំពាក់នឹងនិស្ស័យលោកីយ៍ ដើម្បីរស់តាមនិស្ស័យលោកីយ៍ទៀតឡើយ។
១៣ ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍បងប្អូនមុខតែមានជីវិត
១៤ ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។
១៥ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើអោយបងប្អូនទៅជាខ្ញុំបំរើ ហើយអោយនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើអោយបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អ័ប្បា!» ឱព្រះបិតា!
១៦ គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពអោយវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។
១៧ ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រិស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
សិរីរុងរឿងនៅបរលោក
១៨ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សំដែងអោយយើងឃើញ នៅអនាគតកាលនោះបានឡើយ។
១៩ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ
២០ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតំរូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា
២១ ព្រះអង្គនឹងលោះអោយរួចផុតពីវិនាសអន្តរាយ ដើម្បីអោយមានសេរីភាព និងសិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។
២២ យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ដូចជាស្ត្រីដែលហៀបនឹងសំរាលកូន។
២៣ មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងអោយទៅជាបុត្ររបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ
២៤ ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបានអ្វីដែលយើងសង្ឃឹមចង់បាននោះ មិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។
២៥ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តព្យាយាម។
២៦ យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន*ដូចម្ដេច ដើម្បីអោយបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរអោយយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។
២៧ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរអោយប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
២៨ យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីអោយអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគំរោងការរបស់ព្រះអង្គ
២៩ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនអោយមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីអោយព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
៣០ អស់អ្នកដែលព្រះអង្គបានតំរូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសអោយគេបានសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសអោយបានសុចរិត ទ្រង់ក៏ប្រទានអោយគេមានសិរីរុងរឿងដែរ។
ព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះជាម្ចាស់
៣១ បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
៣២ ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសំរាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយព្រះបុត្រានោះដែរ។
៣៣ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេអោយបានសុចរិតហើយនោះ?
៣៤ តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយជាពិសេសទ្រង់មានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះបិតា និងទូលអង្វរអោយយើងដូច្នេះ?
៣៥ តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់?
៣៦ ដូចមានចែងទុកមកថាៈ
ព្រោះតែព្រះអង្គ
យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច
គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ
យកទៅសម្លាប់។
៣៧ ក៏ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។
៣៨ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា*ក្ដី វត្ថុស័ក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដី អំណាចនានាក្ដី
៣៩ អ្វីៗដែលនៅស្ថានលើក្ដី នៅស្ថានក្រោមក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្ដី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់បានសំដែងអោយយើងឃើញ ក្នុងព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើងបានឡើយ។