១៦
ពែងមាសទាំងប្រាំពីរ
១ ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។
២ ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។
៣ ទេវតាទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។
៤ ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។
៥ ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រព្រះអង្គ ដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្តិធម៌មែន!
៦ ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គអោយឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
៧ ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
៨ ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើអោយមនុស្សក្ដៅក្រហល់ក្រហាយ។
៩ មនុស្សម្នាត្រូវរលាកដោយកំដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
១០ ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។
១១ គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។
១២ ទេវតាទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីអោយទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។
១៣ ខ្ញុំឃើញវិញ្ញាណអាក្រក់បី ដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ
១៤ គឺជាវិញ្ញាណរបស់ពួកអារក្ស។ វាសំដែងទីសំគាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលអោយធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់
១៥ («មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតអោយគេឃើញកេរខ្មាស អ្នកនោះពិតជាមានសុភមង្គល*ហើយ!»)។
១៦ វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះអោយមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។
១៧ ទេវតាទីប្រាំពីរយកពែងរបស់ខ្លួនចាក់ទៅលើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងព្រះវិហារ*ថា៖ «រួចរាល់ស្រេចអស់ហើយ!»។
១៨ ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។
១៩ មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូន ព្រះអង្គបានអោយក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ។
២០ កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។
២១ ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។