១៩
ចំរៀងជោគជ័យ និងវិវាហមង្គលការរបស់កូនចៀម
១ បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
២ ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើអោយផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបំរើរបស់ព្រះអង្គ»។
៣ មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។
៤ ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។
៥ មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបំរើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។
៦ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
៧ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយអោយខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
៨ ព្រះអង្គប្រទានអោយនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។
៩ ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅអោយមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។
១០ ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះបម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោកដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។
ជ័យជំនះរបស់ព្រះគ្រិស្ដលើសត្វតិរច្ឆាន និងលើព្យាការីក្លែងក្លាយ
១១ បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ទ្រង់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។
១២ ព្រះអង្គមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើន នៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់ព្រះនាមនោះឡើយ
១៣ ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
១៤ កងទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះ ស មកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ*។
១៥ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងអោយចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
១៦ នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។
១៧ ខ្ញុំឃើញទេវតា*មួយរូបឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារិករបស់ព្រះជាម្ចាស់
១៨ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។
១៩ ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនានានៅលើផែនដី ព្រមទាំងកងទ័ពរបស់គេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គ ដែលគង់នៅលើសេះ និងកងទ័ពរបស់ព្រះអង្គ។
២០ សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះអោយវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។
២១ រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។