២
លិខិតផ្ញើជូនក្រុមជំនុំនៅក្រុងអេភេសូ
១ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ នៅក្រុងអេភេសូ ដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ
២ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។
៣ អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។
៤ ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។
៥ ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្តគំនិត ហើយប្រព្រឹត្តអំពើដែលអ្នកធ្លាប់ប្រព្រឹត្ត កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយបើអ្នកមិនកែប្រែចិត្តគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នក ចេញពីកន្លែងវាជាមិនខាន។
៦ ក៏ប៉ុន្តែ យើងសរសើរអ្នកត្រង់កន្លែងមួយ គឺអ្នកស្អប់អំពើដែលពួកនីកូឡាសប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។
៧ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ*ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់ព្រះជាម្ចាស់”»។
លិខិតផ្ញើជូនក្រុមជំនុំនៅក្រុងស្មៀរណា
៨ «ចូរសរសេរទៅកាន់ទេវតា* របស់ក្រុមជំនុំ* នៅក្រុងស្មៀរណាដូចតទៅនេះ៖
ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថាៈ
៩ “យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។
១០ កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។
១១ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ”»។
លិខិតផ្ញើជូនក្រុមជំនុំនៅក្រុងពើកាម៉ុស
១២ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថាៈ
១៣ “យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។
១៤ ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ អោយប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល អោយបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងអោយប្រាសចាកសីលធម៌។
១៥ រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។
១៦ ដូច្នេះ ចូរកែប្រែចិត្តគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។
១៧ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះ អោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំអោយដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
លិខិតផ្ញើជូនក្រុមជំនុំនៅក្រុងធាទេរ៉ា
១៨ «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖
ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និងព្រះបាទាដូចលង្ហិន ទ្រង់មានព្រះបន្ទូលថាៈ
១៩ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះ ហើយយើងដឹងថា អ្នកមានចិត្តស្រឡាញ់ មានជំនឿ ចេះបំរើអ្នកដទៃ មានចិត្តព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្តថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។
២០ ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយអោយនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបំរើរបស់យើងអោយវង្វេង អោយប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។
២១ យើងបានទុកពេលអោយស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។
២២ ហេតុនេះ យើងនឹងធ្វើអោយនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើអោយពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្តឈប់ប្រព្រឹត្តអំពើនោះជាមួយនាងទៀត។
២៣ យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់អោយអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
២៤ ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្តនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ ‘សេចក្ដីជ្រៅជ្រះរបស់មារសាតាំង’ ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
២៥ គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានអោយខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។
២៦ អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងអោយអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា
២៧ គេនឹងដឹកនាំប្រជាជាតិទាំងនោះដោយដំបងដែក ដូចគេកំទេចភាជន៍ធ្វើពីដីឥដ្ឋ។
២៨ អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីព្រះបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកអោយអ្នកនោះ។
២៩ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះ អោយមែនទែន!”»។