២១
ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី
១ ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែនដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។ ២ បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ*​ជា​ក្រុង​យេរូសាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរមសុខ* គឺ​ចុះ​មក​ពី​ព្រះជាម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុបតែង​ខ្លួន​ទទួល​ស្វាមី។ ៣ ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះពន្លា​​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។ ៤ ព្រះអង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។
៥ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «មើល៍​យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​កត់ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​អោយ​ជឿ»។ ៦ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេកា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​អោយ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ​ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។ ៧ អ្នក​ដែល​មាន​ជ័យជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។ ៨ ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាសចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។
ក្រុង​យេរូសាឡឹម​ថ្មី
៩ បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ​ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ ចុង​ក្រោយ​បង្អស់​បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​អោយ​លោក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។ ១០ ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ ជា​ក្រុង​យេរូសាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរមសុខ* គឺ​ចុះ​មក​ពី​ព្រះជាម្ចាស់។ ១១ ក្រុង​នេះ​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណីជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវចរណៃ។ ១២ ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ ១៣ នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។ ១៤ កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់ពីរ​របស់​កូន​ចៀម។
១៥ ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សំរាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។ ១៦ ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្ដាដ​។ បណ្ដោយ ទទឹង និង​កំពស់ មាន​ប្រវែង​ស្មើៗ​គ្នា។ ១៧ ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។ ១៨ កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។ ១៩ គ្រឹះ​របស់​កំពែង​ក្រុង មាន​តុបតែង​ទៅ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង គ្រឹះ​ទី​មួយ​ធ្វើ​ពី​ត្បូង​មណីជោតិរស គ្រឹះ​ទី​ពីរ​ធ្វើ​ពី​ត្បូង​កណ្ដៀង គ្រឹះ​ទី​បី​ធ្វើ​ពី​ត្បូង​មោរ៉ា គ្រឹះ​ទី​បួន​ធ្វើ​ពី​កែវមរកត ២០ គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃរគៀម គ្រឹះ​ទីប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំពីរ​ធ្វើ​ពី​ត្បូង​ប៊ុតលឿង គ្រឹះ​ទី​ប្រាំបី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំបួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវយក់ គ្រឹះ​ទី​ដប់មួយ​ធ្វើ​ពី​ត្បូង​និលរ័ត្ន គ្រឹះ​ទី​ដប់ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូរ័ត្ន។ ២១ ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​កែវមុក្ដា​ដប់ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវមុក្ដា​តែ​មួយ​ដុំ។ លាន​របស់​ក្រុង​ធ្វើ​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​កែវ។
២២ ខ្ញុំ​ពុំ​ឃើញ​មាន​ព្រះវិហារ*​នៅ​ក្នុង​ទីក្រុង​ទេ ដ្បិត​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។ ២៣ ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះអាទិត្យ ឬ​ព្រះច័ន្ទ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។ ២៤  ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្ដេច​នានា​នឹង​នាំ​រាជ្យ​ទ្រព្យ​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ ២៥ ទ្វារ​ក្រុង​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ទី​នោះ​គ្មាន​យប់​ទេ។ ២៦ គេ​នឹង​នាំ​យក​ភោគ​ទ្រព្យ និង​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​ជាតិ​សាសន៍​នានា មក​ដាក់​ក្នុង​ក្រុង​នោះ។ ២៧ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។