ពិធី​ថ្វាយបង្គំ​ព្រះជាម្ចាស់ នៅ​ជុំវិញ​បល្ល័ង្ក​របស់​ព្រះអង្គ​នា​ស្ថាន​បរមសុខ
១ បន្ទាប់​មក ខ្ញុំ​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន​បរមសុខ* ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​មុន​ដូច​ស្នូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថាៈ «សូម​ឡើង​មក​នេះ! យើង​នឹង​បង្ហាញ​អោយ​អ្នក​ឃើញ​ហេតុការណ៍ ដែល​ត្រូវ​កើត​មាន នៅ​ពេល​ខាង​មុខ»។ ២ រំពេច​នោះ ព្រះវិញ្ញាណ​បាន​ធ្វើ​អោយ​ខ្ញុំ​លង់​ស្មារតី។ ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​នៅ​ស្ថាន​បរមសុខ* ហើយ​មាន​ព្រះមួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។ ៣ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណីជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណរង្សី ភ្លឺ​ដូច​កែវមរកត ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ​ដែរ។ ៤ នៅ​ជុំវិញ​បល្ល័ង្ក​មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​ព្រឹទ្ធាចារ្យ*​ម្ភៃ​បួន​រូប អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។
៥ មាន​ផ្លេក​បន្ទោរ មាន​សំឡេង ព្រម​ទាំង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ​មក។ នៅ​មុខ​បល្ល័ង្ក មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​យ៉ាង​ភ្លឺ ចង្កៀង​ទាំង​នោះ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។ ៦ នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវចរណៃ។
នៅ​ចំ​កណ្ដាល និង​នៅ​ជុំវិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។ ៧ សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សឹង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។ ៨ សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «ព្រះ​ដ៏វិសុទ្ធ* ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។
៩ ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរីរុងរឿង ព្រះកិត្តិនាម និង​អរ​ព្រះគុណ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ១០ ព្រឹទ្ធាចារ្យ​ទាំង​ម្ភៃ​បួន​រូប នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ ១១ «បពិត្រ​ព្រះអម្ចាស់​ជា​ព្រះនៃ​យើង​ខ្ញុំ ព្រះអង្គ​សម​នឹង​ទទួល​សិរីរុងរឿង ព្រះកិត្តិនាម និង​ឫទ្ធានុភាព ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិតស្ថេរ​ដោយសារ​ព្រះហឫទ័យ​របស់​ព្រះអង្គ»។