១២
សេចក្ដីថ្លែងការណ៍របស់លោកសាំយូអែល
១ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្ដេចមួយអង្គអោយសោយរាជ្យលើអ្នករាល់គ្នា។
២ អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។
៣ ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយអោយគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។
៤ ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។
៥ លោកសាំយូអែលមានប្រសាសន៍ទៅពួកគេទៀតថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ធ្វើជាសាក្សី ហើយស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក ក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយ យើងមានព្រះអង្គជាសាក្សី!»។
៦ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
៧ ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីអោយអ្នករាល់គ្នា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំលឹកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
៨ ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនអោយទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។
៩ ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។
១០ ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបំរើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំអោយរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបំរើព្រះអង្គវិញ”។
១១ ព្រះអម្ចាស់ក៏ចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងខ្ញុំ សាំយូអែល អោយមក។ ព្រះអង្គរំដោះអ្នករាល់គ្នាអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្ដីសុខសាន្ត។
១២ ពេលអ្នករាល់គ្នាឃើញព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារអោយខ្ញុំតែងតាំងស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់អ្នករាល់គ្នាទេ។
១៣ ដូច្នេះ នេះនែ៎ ស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្ដេចដែលអ្នករាល់គ្នាសុំ! ព្រះអម្ចាស់ប្រទានស្ដេចនោះមកអ្នករាល់គ្នាហើយ!
១៤ ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ប្រសិនបើអ្នករាល់គ្នាគោរពបំរើព្រះអង្គ ប្រសិនបើអ្នករាល់គ្នាស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នា និងស្ដេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខសប្បាយ។
១៥ ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងដាក់ទោសអ្នករាល់គ្នា ដូចព្រះអង្គបានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
១៦ ឥឡូវនេះ ចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំ ដែលព្រះអម្ចាស់នឹងសំដែងអោយអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។
១៧ ពេលនេះជារដូវចំរូតមែន ឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើអោយមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដោយសុំអោយមានស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។
១៨ លោកសាំយូអែលទូលអង្វរព្រះអម្ចាស់ ហើយនៅថ្ងៃដដែលនោះ ព្រះអង្គធ្វើអោយមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាចព្រះអម្ចាស់ និងលោកសាំយូអែលយ៉ាងខ្លាំង។
១៩ ប្រជាជនទាំងនោះជំរាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក ក្នុងនាមយើងខ្ញុំផង ដើម្បីកុំអោយយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំអោយមានស្ដេច»។
២០ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបំរើព្រះអម្ចាស់អោយអស់ពីចិត្ត។
២១ កុំងាកចេញពីព្រះអង្គទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្ដល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។
២២ ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យអោយអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។
២៣ ម្យ៉ាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរអោយអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាអោយដើរតាមផ្លូវល្អ និងទៀងត្រង់។
២៤ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយបំរើព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នា!
២៥ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្ដេចរបស់អ្នករាល់គ្នាមិនខាន»។