២១
លោកដាវីឌរត់ទៅដល់ភូមិណូប
១ លោកដាវីឌទៅរកលោកបូជាចារ្យ*អហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។
២ លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំអោយអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកអោយទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។
៣ ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំបុ័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកអោយខ្ញុំផង»។
៤ លោកបូជាចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំបុ័ងធម្មតាទេ មានតែនំបុ័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។
៥ លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនអោយរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗរបស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។
៦ ពេលនោះ លោកបូជាចារ្យប្រគល់នំបុ័ង ដែលគេតាំងថ្វាយព្រះអម្ចាស់ ជូនលោកដាវីឌ ដ្បិតគ្មាននំបុ័ងណាផ្សេងក្រៅពីនំបុ័ងនេះឡើយ។ គេបានដកនំបុ័ងនេះចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ នៅថ្ងៃដែលដាក់នំបុ័ងថ្មីជំនួស។
៧ ថ្ងៃនោះ រាជបំរើម្នាក់របស់ព្រះបាទសូលស្ថិតនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ដើម្បីបំពេញកិច្ចការខាងសាសនា គឺគាត់ឈ្មោះដូអេក ជាជនជាតិអេដុម ដែលទទួលខុសត្រូវលើពួកគង្វាលរបស់ស្ដេច។
៨ លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «នៅទីនេះ តើលោកមានលំពែង ឬដាវទេ? កិច្ចការដែលព្រះរាជាចាត់អោយខ្ញុំទៅបំពេញនេះបន្ទាន់ពេក ខ្ញុំមិនបានយកដាវ ឬអាវុធផ្សេងទៀតមកជាមួយឡើយ»។
៩ លោកបូជាចារ្យមានប្រសាសន៍ថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ*។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ លោកដាវីឌមានប្រសាសន៍ថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។
លោកដាវីឌនៅជាមួយពួកភីលីស្ទីនក្នុងក្រុងកាថ
១០ នៅថ្ងៃដដែលនោះ លោកដាវីឌរត់គេចខ្លួនចេញពីព្រះបាទសូល ហើយទៅជួបព្រះបាទអគីស នៅក្រុងកាថ។
១១ ពួករាជបំរើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា:
ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់
រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
១២ ពាក្យទាំងនេះបានធ្វើអោយលោកដាវីឌរន្ធត់ចិត្ត ហើយខ្លាចព្រះបាទអគីស ជាស្ដេចក្រុងកាថយ៉ាងខ្លាំង។
១៣ លោកធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់លោក លោកសំដែងអាការៈលេលា ដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។
១៤ ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបំរើថា៖ «អស់លោកបានឃើញច្បាស់ថា មនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ?
១៥ តើយើងខ្វះមនុស្សឆ្កួតឬ បានជាអស់លោកនាំជននេះមកអោយសំដែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងដំណាក់យើងទេ!»។