១០
សង្គ្រាម​ជា​មួយ​ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ស៊ីរី
(១របាក្សត្រ ១៩:១-១៩)
១ ក្រោយ​មក ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះនាម​ហានូន ឡើង​សោយ​រាជ្យ​ជំនួស។ ២ ព្រះបាទ​ដាវីឌ​ទ្រង់​ព្រះតម្រិះ​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន ជា​បុត្រ​របស់​ព្រះបាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ព្រះបាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​អោយ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះបាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ៣ មេ​ដឹក​នាំ​នៃ​ជន​ជាតិ​អាំម៉ូន ទូល​ព្រះបាទ​ហានូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី អោយ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះករុណា​មែន​ឬ? តាម​ពិត​ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទីក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។ ៤ ពេល​នោះ ព្រះបាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ ហើយ​អោយ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀកបំពាក់​អោយ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​អោយ​ទៅ​វិញ។ ៥ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះបាទ​ដាវីឌ ទ្រង់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ស្ដេច​ត្រាស់​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។
៦ កាល​ជន​ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​អោយ​ព្រះបាទ​ដាវីឌ​ក្រេវក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់ ពី​ក្រុង​បេតរេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កងទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។ ៧ ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កងទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ អោយ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។ ៨ ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេតរេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។ ៩ លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ ដូច្នេះ លោក​ជ្រើស​រើស​ទាហាន​ដ៏​ចំណានៗ​ពី​កងទ័ព​អ៊ីស្រាអែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​ពួក​ស៊ីរី។ ១០ រីឯ​កងទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​អោយ​លោក​អប៊ីសាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន​ជាតិ​អាំម៉ូន។ ១១ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។ ១២ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជាជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះអម្ចាស់ សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។
១៣ លោក​យ៉ូអាប់ ព្រម​ទាំង​កងទ័ព​បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។ ១៤ កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ីសាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កងទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ។
១៥ ជន​ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​អ៊ីស្រាអែល គេ​ក៏​ប្រមូល​ផ្ដុំ​កងទ័ព។ ១៦ ព្រះបាទ​ហាដារេស៊ើរ​ចាត់​គេ​អោយ​ទៅ​ប្រមូល​កងទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ កងទ័ព​ស៊ីរី​បាន​មក​ដល់​ហេឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ​បញ្ជា​ការ​កងទ័ព​របស់​ព្រះបាទ​ហាដារេស៊ើរ ជា​អ្នក​ដឹក​នាំ។ ១៧ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះបាទ​ដាវីឌ ទ្រង់​ក៏​ប្រមូល​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះបាទ​ដាវីឌ ហើយ​វាយ​សំរុក។ ១៨ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កងទ័ព​អ៊ីស្រាអែល។ ព្រះបាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង​ អស់​ប្រាំពីរ​រយ​នាក់ និង​ពល​ទ័ព​សេះ​អស់​បួន​ម៉ឺន​នាក់ ស្ដេច​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​អោយ​ស្លាប់​នៅ​ទី​នោះ​ដែរ។ ១៩ កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះបាទ​ហាដារេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កងទ័ព​អ៊ីស្រាអែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជា​មួយ​ព្រះបាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្ដេច។ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន​ជាតិ​អាំម៉ូន​ទៀត​ឡើយ។