១៤
សម្ដេចអាប់សាឡុមត្រឡប់មកក្រុងយេរូសាឡឹមវិញ
១ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្ដេចមានព្រះហឫទ័យនឹករលឹក ដល់សម្ដេចអាប់សាឡុម
២ លោកក៏ចាត់គេអោយទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
៣ បន្ទាប់មក នាងត្រូវចូលទៅគាល់ស្ដេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។
៤ ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះ ក៏ចូលទៅគាល់ស្ដេច។ នាងក្រាបថ្វាយបង្គំស្ដេច ដោយអោនមុខដល់ដីហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។
៥ ស្ដេចមានរាជឱង្ការសួរថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «បពិត្រព្រះករុណាខ្ញុំម្ចាស់ជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល!
៦ ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
៧ ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកអោយយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកអោយវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់ មានកូនចៅបន្តពូជពង្សនៅលើផែនដីនេះឡើយ»។
៨ ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេអោយសំរួលរឿងនេះ»។
៩ ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើង ក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនអោយកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។
១០ ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្ដីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។
១១ នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំអោយអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនអោយសក់មួយសរសៃរបស់កូនប្រុសនាង ជ្រុះដល់ដីឡើយ»។
១២ នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសអោយខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្ដេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។
១៣ នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអំបាញ់មិញនេះ ពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុមដែលស្ដេចកាត់កាល់នោះ អោយវិលត្រឡប់មកវិញទេ។
១៤ មនុស្សយើងតែងតែស្លាប់ ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយ អោយវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគំរោងការ ដើម្បីអោយសម្ដេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។
១៥ ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើអោយខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ប្រហែលជាស្ដេចធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបំរើរបស់ករុណា។
១៦ ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងអោយបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។
១៧ ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើអោយមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។
១៨ ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។
១៩ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណាខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបំរើរបស់ព្រះករុណាបានបង្គាប់អោយខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។
២០ លោកធ្វើដូច្នេះ ដើម្បីសំរួលសភាពការណ៍។ ប៉ុន្តែ ព្រះករុណាជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតទ្រង់មានប្រាជ្ញាដូចទេវតារបស់ព្រះជាម្ចាស់ដែរ»។
២១ ស្ដេចមានរាជឱង្ការ ទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រម តាមសំណូមពររបស់លោកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។
២២ លោកយ៉ូអាប់ក្រាបថ្វាយបង្គំស្ដេចអោនមុខដល់ដី ហើយអរព្រះគុណថា៖ «បពិត្រព្រះករុណាជាអម្ចាស់ថ្ងៃនេះ ទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសន្ដោសទូលបង្គំ ព្រោះស្ដេចបានយល់ព្រមតាមសំណូមពររបស់ទូលបង្គំ»។
២៣ លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្ដេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
២៤ ស្ដេចមានរាជឱង្ការថា៖ «ចូរអោយគេទៅដំណាក់របស់គេចុះ កុំអោយគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏យាងទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញព្រះភក្ត្រស្ដេចទេ។
ព្រះបាទដាវីឌលើកលែងទោសសម្ដេចអាប់សាឡុម
២៥ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្ដេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។
២៦ រៀងរាល់ឆ្នាំ សម្ដេចអាប់សាឡុមតែងតែកាត់សក់ នៅពេលចុងឆ្នាំ ព្រោះសក់នោះធ្ងន់ពេក។ គេថ្លឹងសក់នោះឃើញមានទម្ងន់ជាងពីរគីឡូក្រាម តាមរបៀបថ្លឹងរបស់ស្ដេច។
២៧ សម្ដេចអាប់សាឡុមមានបុត្រាបីអង្គ និងបុត្រីមួយអង្គ។ បុត្រីនោះមាននាម តាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
២៨ សម្ដេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភក្ត្រព្រះរាជាទេ។
២៩ ថ្ងៃមួយ សម្ដេចបានចាត់គេអោយទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្ដេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្ដេចអាប់សាឡុមចាត់គេអោយទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។
៣០ ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបំរើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបំរើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។
៣១ ដូច្នេះ លោកយ៉ូអាប់ក៏អញ្ជើញទៅដំណាក់របស់សម្ដេចអាប់សាឡុម ហើយសួរថា៖ «ហេតុអ្វីបានជាពួកអ្នកបំរើរបស់សម្ដេច ដុតស្រែរបស់ទូលបង្គំចោល?»។
៣២ សម្ដេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមអោយលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់អោយលោកចូលទៅគាល់ស្ដេច ហើយទូលថា ហេតុអ្វីបានជាទ្រង់ហៅខ្ញុំអោយវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅគាល់ស្ដេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមទ្រង់សម្លាប់ខ្ញុំចុះ!»។
៣៣ លោកយ៉ូអាប់នាំពាក្យរបស់សម្ដេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្ដេចអាប់សាឡុម សម្ដេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំអោនមុខដល់ដី រួចព្រះរាជាក៏ឱបសម្ដេចអាប់សាឡុម។