២០
លោកសេបាបះបោរប្រឆាំងនឹងព្រះបាទដាវីឌ
១ គ្រានោះនៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជនជាតិអ៊ីស្រាអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!»។
២ ពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់ បោះបង់ចោលព្រះបាទដាវីឌនាំគ្នាទៅតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជនជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្ដេចរបស់គេ ហើយតាមដង្ហែស្ដេចចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។
៣ ពេលព្រះបាទដាវីឌវិលទៅដល់ដំណាក់ នៅក្រុងយេរូសាឡឹមវិញ ស្ដេចចាត់គេអោយទៅរកស្រីស្នំទាំងដប់នាក់ ដែលស្ដេចបានទុកអោយនៅថែរក្សាដំណាក់។ ស្ដេចយកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ ស្ដេចពុំយាងចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ឃាំងអោយនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
លោកយ៉ូអាប់ធ្វើឃាតលោកអម៉ាសា
៤ បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដា ក្នុងរយៈពេលបីថ្ងៃ អោយមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។
៥ លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ស្ដេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្ដេចបានកំណត់ទុក។
៦ ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំទាហានរបស់យើងផ្ទាល់ ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជំរកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។
៧ ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេធីម ពួកពេលេធីម និងពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
៨ នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊ក ក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។
៩ លោកយ៉ូអាប់មានប្រសាសន៍ទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ លោកក៏លូកដៃស្ដាំទៅចាប់ពុកចង្ការបស់លោកអម៉ាសា ដើម្បីឱប។
១០ លោកអម៉ាសាពុំបានចាប់អារម្មណ៍នឹងដាវ ដែលស្ថិតក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ លោកយ៉ូអាប់ក៏ចាក់មួយដាវចំត្រង់ពោះ ហើយធ្លាយពោះវៀនចេញមកដល់ដី។ លោកស្លាប់ដោយមិនបាច់អោយលោកយ៉ូអាប់ថែមមួយដាវទៀតឡើយ។ បន្ទាប់មក លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូននាំគ្នាបន្តដំណើរទៅមុខ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
១១ មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។
១២ លោកអម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្ដាលផ្លូវ។ ទាហាននោះសង្កេតឃើញថា ទាហានទាំងអស់នាំគ្នាឈប់ស្ងៀម។ ដូច្នេះ គេក៏ទាញសពចេញពីផ្លូវ ដាក់ក្នុងស្រែមួយក្បែរនោះ ហើយបោះអាវធំមួយគ្របពីលើ។
១៣ នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរ តាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
១៤ លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។
១៥ លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីអោយខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងអោយរលំ។
១៦ គ្រានោះមានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្ដាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះ នាងខ្ញុំមានការចង់ជំរាបលោក»។
១៧ លោកយ៉ូអាប់ចូលទៅជិត ស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្ដាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «និយាយមកចុះ!»។
១៨ ស្ត្រីនោះ ពោលបន្តទៀតថា៖ «ពីដើមគេមានទម្លាប់ពោលថា ត្រូវតែពិគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ទើបកិច្ចការបានសំរេច។
១៩ ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។
២០ លោកយ៉ូអាប់តបថា៖ «ទេ! ខ្ញុំគ្មានបំណងនឹងកំទេច ឬបំផ្លាញក្រុងនេះទាល់តែសោះ។
២១ ពួកយើងគ្មានបំណងដូច្នេះទេ! ប៉ុន្តែ មានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានបះបោរប្រឆាំងនឹងព្រះបាទដាវីឌ។ ចូរប្រគល់អ្នកនោះមកអោយខ្ញុំ ខ្ញុំនឹងដកទ័ពចេញពីក្រុងនោះភ្លាម»។ ស្ត្រីនោះពោលថា៖ «ដូច្នេះ យើងខ្ញុំនឹងបោះក្បាលអ្នកនោះ ពីលើកំពែងទៅជូនលោក»។
២២ នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់ ក លោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្ដេច នៅក្រុងយេរូសាឡឹមវិញដែរ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
២៣ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រាអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេធីម និងពេលេធីម។
២៤ លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាត ជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
២៥ លោកសេរ៉ាយ៉ា ជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
២៦ លោកអ៊ីរ៉ា ពីអំបូរយ៉ាអៀរ ក៏ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌដែរ។