២៤
ស្ដេចដាវីឌជំរឿនប្រជាជនអ៊ីស្រាអែល
(១របាក្សត្រ ២១:១-៦)
១ ព្រះអម្ចាស់ទ្រង់ពិរោធសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គជំរុញព្រះបាទដាវីឌអោយបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្ដេចអោយធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
២ ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅជាមួយស្ដេច ទ្រង់ក៏មានរាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់ រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។
៣ លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានអោយប្រជាជនកើនចំនួនឡើងមួយរយដង ច្រើនជាងនេះ ហើយអោយព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។
៤ ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះរាជា ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រាអែល។
៥ ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។
៦ បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និងស្រុកថាសធីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និងតំបន់ស៊ីដូន។
៧ ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
៨ ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូល អស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។
៩ លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែលមានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
ព្រះជាម្ចាស់ដាក់ទោសជនជាតិអ៊ីស្រាអែល
(១របាក្សត្រ ២១:៧-១៧)
១០ ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុស ដោយបានជំរឿនប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសអោយទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
១១ នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌដូចតទៅ៖
១២ «ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសំរាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
១៣ លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖ «តើព្រះករុណាសព្វព្រះទ័យអោយស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់អោយជំងឺអាសន្នរោគ កើតឡើងនៅក្នុងស្រុក អស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំអោយមក»។
១៤ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមអោយយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
១៥ ព្រះអម្ចាស់បានធ្វើអោយជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹកនោះ រហូតដល់ពេលកំណត់។ ពីក្រុងដាន់ ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។
១៦ កាលទេវតាលើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតា ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
១៧ កាលព្រះបាទដាវីឌឃើញទេវតាប្រហារជីវិតប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមព្រះអង្គដាក់ទោសទូលបង្គំ និងក្រុមគ្រួសារទូលបង្គំចុះ!»។
ស្ដេចដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់
(១របាក្សត្រ ២១:១៨-២៦)
១៨ នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។
១៩ ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។
២០ កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេចអោនមុខដល់ដី។
២១ លោកអរ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ទ្រង់យាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីអោយប្រជាជនរួចផុតពីគ្រោះកាច»។
២២ លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកអ្វីៗ តាមតែព្រះករុណាសព្វព្រះហឫទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ យករនាស់ និងនឹមធ្វើជាអុស។
២៣ បពិត្រព្រះរាជា ទូលបង្គំសូមថ្វាយទាំងអស់ដល់ព្រះរាជា អោយតែព្រះអម្ចាស់ ជាព្រះរបស់ករុណាសព្វព្រះហឫទ័យទទួលតង្វាយនេះ!»។
២៤ ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
២៥ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។