៨
ជ័យជំនះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង
(១របាក្សត្រ ១៨:១-១៣)
១ ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដកអំណាចពីពួកគេ លែងអោយត្រួតត្រាលើតំបន់នោះទៀតផង។
២ ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំអោយពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីយកទៅសម្លាប់ និងទុកមួយភាគបីអោយនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
៣ ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្ដេចស្រុកសូបា ក្នុងពេលដែលព្រះបាទហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
៤ ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដារេស៊ើរ ចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្ដេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះស្ដេចកាត់សរសៃកែងជើងទាំងអស់។
៥ ពេលនោះ ជនជាតិស៊ីរី នៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
៦ ព្រះបាទដាវីឌបានដាក់ទេសាភិបាល អោយត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
៧ ព្រះបាទដាវីឌរឹបអូសខែលមាស ពីពួកបរិវាររបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
៨ ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុងបេថាស និងក្រុងបេរ៉ូថាយ ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។
៩ កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ
១០ ទ្រង់ក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រអោយចូលមកគាល់ព្រះបាទដាវីឌ និងអបអរសាទរចំពោះជ័យជំនះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ី ធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដារេស៊ើរដែរ។ សម្ដេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកថ្វាយព្រះបាទដាវីឌ។
១១ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្ដេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មាន ដែលស្ដេចវាយឈ្នះដែរ
១២ គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជយភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប ស្ដេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។
១៣ ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ទ្រង់ប្រហារជនជាតិអេដុម អស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើអោយកិត្តិនាមរបស់ស្ដេចរឹតតែល្បីល្បាញថែមទៀត។
១៤ ព្រះបាទដាវីឌបានដាក់ទេសាភិបាលអោយត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះនៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១៨:១៤-១៧)
១៥ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
១៦ លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
១៧ លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ*។
១៨ លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មានមុខងារជាបូជាចារ្យ។