១ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ
បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង
បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង
បង​នឹង​ផឹក​ស្រា​ទំពាំងបាយជូរ
និង​ទឹក​ដោះ​គោ​របស់​បង។
មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា
សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ
អោយ​បាន​ស្កប់ស្កល់​ចុះ។
 
២ ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ
តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់លក់​ទេ។
ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ​ហៅ​ខ្ញុំ​ថា:
ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
ចូរ​បើក​ទ្វារ​អោយ​បង​ផង
អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។
ក្បាល​របស់​បង​ទទឹក​ជោក
ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។
 
៣ អូន​ដោះ​សម្លៀកបំពាក់​ចេញ​ទៅ​ហើយ
តើ​អោយ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន?
អូន​ទើប​នឹង​លាង​ជើង
តើ​អោយ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?
៤ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម
ប្រហោង​ទ្វារ
ធ្វើ​អោយ​ចិត្ត​ខ្ញុំ​រំភើប​ញាប់ញ័រ។
៥ ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ
ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ
ស្រក់​ទៅ​លើ​រនុក​ទ្វារ។
៦ ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
តែ​គាត់​ចាក​ចេញ​ទៅ​បាត់។
ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។
ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ
ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។
៧ ពួក​អ្នក​យាមល្បាត​ទីក្រុង​ជួប​ខ្ញុំ
ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​អោយ​ខ្ញុំ​របួស
ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន
ចេញ​ពី​ខ្ញុំ។
៨ ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ
តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច?
ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។
៩ ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក
ជាង​បុរស​ឯ​ទៀត
បាន​ជា​នាង​សុំ​អោយ​យើង​ប្រាប់​គាត់​ដូច្នេះ។
១០ ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ ស
និង​ស្បែក​ភ្លឺ​រលោង
ទោះ​បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស
មួយ​ម៉ឺន​នាក់​ក្ដី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។
១១ ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ
សក់​របស់​គាត់​រួញ​ដូច​អង្គាសដី
ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកាកែវ។
១២ ភ្នែក​របស់​គាត់​ស្រស់​ស្អាត
ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។
ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស
ហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។
១៣ ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល
ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធពិដោរ
បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់
ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។
១៤ ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស
ដែល​មាន​ដាំ​ត្បូង​ពេជ្រ។
ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក
ដែល​គេ​ខាត់​យ៉ាង​រលើប
ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។
១៥ ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ
ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស
ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។
គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់
ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។
១៦ មាត់​របស់​គាត់​ពោរពេញ​ដោយ​ភាព​ទន់ភ្លន់
គាត់​ជា​មនុស្ស​គួរ​អោយ​នែបនិត្យ។
ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូសាឡឹម​អើយ
ម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ
មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។