២
ពាក្យទូន្មានក្នុងការទូលអង្វរព្រះជាម្ចាស់
១ ជាបឋម ខ្ញុំសូមផ្ដែផ្ដាំអោយគេទូលសូមព្រះជាម្ចាស់អធិស្ឋាន* និងអង្វរព្រះអង្គទាំងអរព្រះគុណ សំរាប់មនុស្សទាំងអស់ផង។
២ ត្រូវទូលអង្វរសំរាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីអោយយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។
៣ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង
៤ ដែលទ្រង់សព្វព្រះហឫទ័យអោយមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
៥ ដ្បិតមានព្រះជាម្ចាស់តែមួយ
មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់
និងមនុស្សលោក
គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស។
៦ ព្រះអង្គបានបូជាព្រះជន្ម
ដើម្បីលោះមនុស្សទាំងអស់។
នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។
៧ ព្រះអង្គបានតែងតាំងខ្ញុំអោយប្រកាសសក្ខីភាពនេះ អោយខ្ញុំធ្វើជាសាវ័ក* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
៨ ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់អោយបុរសៗអធិស្ឋាន* ទាំងលើកដៃឡើងលើដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
៩ ខ្ញុំក៏ចង់អោយស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់អោយឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ
១០ តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្តអំពើល្អ អោយបានសមរម្យជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។
១១ ពេលរៀនព្រះគម្ពីរ ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។
១២ ខ្ញុំមិនអនុញ្ញាតអោយស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺអោយនាងនៅស្ងៀមវិញ
១៣ ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។
១៤ មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើ ដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ទៀតផង។
១៥ ក៏ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។