៤
និមិត្តហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម
១ ទេវតាដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំអោយភ្ញាក់ស្មារតីដូចដាស់មនុស្សអោយក្រោកពីដំណេក។
២ ទេវតានោះពោលមកខ្ញុំថា៖ «តើលោកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។
៣ នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្ដាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។
៤ ខ្ញុំពោលទៅកាន់ទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។
៥ ទេវតាតបមកខ្ញុំវិញថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំប្របាទមិនដឹងទេ លោកម្ចាស់»។
៦ ពេលនោះ ទេវតាក៏ពោលមកខ្ញុំទៀតថា៖
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបានមិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយព្រះវិញ្ញាណរបស់យើងវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
៧ ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលព្រះវិហារ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
៩ «សូរ៉ូបាបិលបានចាក់គ្រឹះព្រះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសំរេចជារូបរាង អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូល ពិតជាចាត់ខ្ញុំអោយមករកអ្នករាល់គ្នាមែន។
១០ មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលដែលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។
«ចង្កៀងទាំងប្រាំពីរនេះ ជាព្រះនេត្ររបស់ព្រះអម្ចាស់ដែលទតមើលផែនដីទាំងមូល»។
១១ ខ្ញុំសួរទេវតាថា៖ «ចុះអូលីវទាំងពីរដើមដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។
១២ ខ្ញុំសួរទេវតាទៀតថា៖ «តើមែកអូលីវពីរ នៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។
១៣ ទេវតាតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេលោកម្ចាស់!»។
១៤ ទេវតាពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះអម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំង អោយនៅបំរើព្រះអង្គ»។