សេផានា
(ព្យាការី​សេផានា)
១ នេះ​ជា​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​ថ្លែង​មក​កាន់​លោក​សេផានា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដាលា ជា​ចៅទួត​របស់​លោក​អម៉ារា និង​ជា​ចៅលួត​របស់​លោក​ហេសេគា នៅ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះបាទ​អាំម៉ូន ស្ដេច​ស្រុក​យូដា។
ព្រះបន្ទូល​ព្រមាន​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម
២  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«យើង​នឹង​លុប​បំបាត់​អ្វីៗ​អោយ​អស់​ពី​ផែនដី
៣ យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស​ទាំង​សត្វ
យើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ
ព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។
យើង​នឹង​កំទេច​អ្វីៗ​ដែល​នាំ​អោយ
មនុស្ស​អាក្រក់​ជំពប់​ដួល
ព្រម​ទាំង​លុប​បំបាត់​មនុស្ស​អោយ​អស់​ពី​ផែនដី
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៤ យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា
និង​ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡឹម
យើង​នឹង​កំទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើប្រាស់
សំរាប់​គោរព​ព្រះ​បាល
ព្រម​ទាំង​លែង​អោយ​មាន​នរណា​នឹក​នា​ដល់
ពួក​អាចារ្យ និង​ពួក​បូជាចារ្យ​របស់
ព្រះ​នោះ​ទៀត។
៥ យើង​ក៏​កំទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ
ដើម្បី​ថ្វាយបង្គំ​ផ្កាយ
ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយបង្គំ​យើង
ហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះអម្ចាស់​ផង
ស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។
៦ យើង​នឹង​កំទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើង
ជា​ព្រះអម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង
ហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។
ថ្ងៃ​របស់​ព្រះអម្ចាស់
៧ ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាអម្ចាស់
ដ្បិត​ថ្ងៃ​របស់​ព្រះអម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។
ព្រះអម្ចាស់​បាន​រៀបចំ​យញ្ញបូជា
ព្រះអង្គ​ជំរះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់លៀង
អោយ​បាន​បរិសុទ្ធ​ហើយ។
៨ «នៅ​ថ្ងៃ​ធ្វើ​យញ្ញបូជា យើង​នឹង​ដាក់​ទោស
ពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេច
ព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាម
សាសន៍​ដទៃ។
៩ នៅ​ថ្ងៃ​នោះ​យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល
លោត​ពី​លើ​ក្រប​ទ្វារ​ព្រះវិហារ តាម​របៀប
សាសន៍​ដទៃ។
យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​ឃោរឃៅ និង​កលល្បិច
ពាសពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។
១០ នៅ​ថ្ងៃ​នោះ​នឹង​មាន​ឮ​សំរែក​លេច​ចេញ​ពី​ទ្វារ​មច្ឆា
សំរែក​យំ​សោក​លេច​ឮ​ពី​ជាយ​ក្រុង​ម្ខាង
ហើយ​សំឡេង​មហន្តរាយ​លេច​ឮ​យ៉ាង​ខ្លាំង
នៅ​តាម​ភ្នំ។
១១ ប្រជាជន​នៅ​ផ្សារ​ក្រោម​អើយ
ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ!
ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​វិនាស​អស់​ហើយ
ពួក​អស់​អ្នក​ដូរ​ប្រាក់​ក៏​ត្រូវ​អន្តរាយ​អស់​ដែរ។
១២ នៅ​គ្រា​នោះ​យើង​នឹង​កាន់​ចន្លុះ
រុករក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស
នៅ​ក្រុង​យេរូសាឡឹម។
អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ព្រះអម្ចាស់
មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។
១៣ ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​រឹប​អូស​យក
ផ្ទះ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។
ពួក​គេ​សង់​ផ្ទះតែ​មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​នោះ​បាន​ទេ
ពួក​គេ​ដាំ​ទំពាំងបាយជូរ
តែ​ពុំ​អាច​ផឹក​ស្រា​ទំពាំងបាយជូរ​បាន​ដែរ»។
១៤ ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអម្ចាស់
នៅ​ជិត​បង្កើយ​ហើយ
ថ្ងៃ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។
ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក
គេ​នឹង​ស្រែក​យំ​យ៉ាង​ជូរចត់
សូម្បី​តែ​ទាហាន​ដ៏​អង់អាច
ក៏​ស្រែក​ហៅ​គេ​ជួយ​ដែរ។
១៥ ថ្ងៃ​នោះ​ជា​ថ្ងៃ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង
ជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់ប្រមល់
ជា​ថ្ងៃ​មហន្តរាយ និង​ហិន​វិនាស
ជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការ
ជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់អួ
១៦ ជា​ថ្ងៃ​ដែល​ឮ​សំឡេង​ស្នែង
និង​សំរែក​សឹក​សង្គ្រាម​វាយ​យក​ក្រុង
ដ៏​មាន​កំពែង​រឹងមាំ និង​មាន​ប៉ម​យ៉ាង​ខ្ពស់។
១៧ ព្រះអង្គ​នឹង​ធ្វើ​អោយ​មនុស្ស​លោក​វេទនា
ពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់
ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់
ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយ
ទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដី
សាកសព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។
១៨ នៅ​ថ្ងៃ​ព្រះអម្ចាស់​ខ្ញាល់​យ៉ាង​ខ្លាំង
ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។
ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ
ដោយសារ​ភ្លើង​នៃ​ព្រះពិរោធ។
ពេល​ព្រះអង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី
ជា​ពេល​មួយ​ដ៏​គួរ​អោយ​ព្រឺ​ខ្លាច​បំផុត។