១៧
ស្តេច​ដាវីឌ​មាន​បំណង​សង់​ព្រះវិហារ
១ លុះ​កាល​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ឯ​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ ២ ដូច្នេះ ណាថាន់​ទូល​ថា សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះទ័យ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ ៣ តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះបន្ទូល​នៃ​ព្រះ​បាន​មក​ដល់​ណាថាន់​ថា ៤ ចូរ​ទៅ​ប្រាប់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះវិហារ ឲ្យ​អញ​បាន​នៅ​នោះ​ឡើយ ៥ ដ្បិត​តាំង​ពី​អញ​នាំ​សាសន៍​អ៊ីស្រាអែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​មិន​បាន​នៅ​ក្នុង​ព្រះវិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​១​ដល់​ត្រសាល​១ ហើយ​ពី​រោង​ឧបោសថ​១​ដល់​រោង​ឧបោសថ​១​ទៀត ៦ នៅ​គ្រប់​ទី​កន្លែង ដែល​អញ​ដើរ​ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះវិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ ៧ ដូច្នេះ ត្រូវ​ឲ្យ​ឯង​និយាយ​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​បាន​យក​ឯង​ពី​ក្រោល​សត្វ គឺ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម​មក ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ៨ អញ​បាន​នៅ​ជា​មួយ​នឹង​ឯង នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ឯង​បាន​ទៅ​ដែរ ក៏​បាន​ដក​ខ្មាំង​ទាំង​អស់​ពី​មុខ​ឯង​ចេញ ហើយ​បាន​លើក​ឈ្មោះ​ឯង​ជា​ធំ ដូច​ជា​ឈ្មោះ​នៃ​អស់​អ្នក​ធំ ដែល​នៅ​ផែនដី ៩ អញ​បាន​តម្រូវ ឲ្យ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ មាន​ទី​លំនៅ ដើម្បី​ឲ្យ​គេ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​ផង​គេ ឥត​ដែល​ត្រូវ​រើ​ទៅ​ឯ​ណា​ទៀត ពួក​ខូច​អាក្រក់​នឹង​មិន​ពង្រេចពង្រឹល​គេ ដូច​កាល​ពី​មុន ១០ គឺ​ដូច​ជា​គ្រា​កាល​ចាប់​តាំង​ពី​ថ្ងៃ ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​បង្ក្រាប​អស់​ទាំង​ខ្មាំងសត្រូវ​ឯង​ហើយ (មួយ​ទៀត​ទូលបង្គំ​ក្រាប​ទូល​ថា ព្រះយេហូវ៉ា​ទ្រង់​នឹង​តាំង​ព្រះវង្សា​ទ្រង់​ឡើង) ១១ កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ នៅ​ខណៈ​ដែល​ឯង​ត្រូវ​ទៅ​ជួបជុំ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ​ពង្ស​ឯង​ឡើង គឺ​ជា​ម្នាក់​ក្នុង​ពួក​កូន​ឯង ហើយ​នឹង​តាំង​រាជ្យ​របស់​អ្នក​នោះ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង ១២ អ្នក​នោះ​នឹង​ស្អាង​ព្រះវិហារ​១​ឲ្យ​អញ ហើយ​អញ​នឹង​ប្រោស​ឲ្យ​រាជ្យ​អ្នក​នោះ​បាន​ស្ថិតស្ថេរ​នៅ ជា​រៀងរាប​ដរាប​ទៅ ១៣ អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​មិន​ដែល​ដក​សេចក្តី​សប្បុរស​របស់​អញ ចេញ​ពី​អ្នក​នោះ ដូច​ជា​បាន​ដក​ចេញ​ពី​អ្នក ដែល​នៅ​មុខ​ឯង​នោះ​ឡើយ ១៤ គឺ​នឹង​តាំង​អ្នក​នោះ នៅ​ក្នុង​ព្រះវិហារ ហើយ​ក្នុង​នគរ​របស់​អញ​ឲ្យ​នៅ​ជា​ដរាប ហើយ​រាជ្យ​អ្នក​នោះ​នឹង​បាន​នៅ​ជាប់ ជា​រៀងរាប​ដរាប​ទៅ ១៥ ណាថាន់​ក៏​ទូល​ដល់​ដាវីឌ តាម​គ្រប់​ទាំង​ព្រះបន្ទូល​នេះ ហើយ​តាម​ការ​ជាក់​ស្តែង​នេះ គ្រប់​ជំពូក។
ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ
១៦ ដូច្នេះ ស្តេច​ដាវីឌ​ទ្រង់​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះយេហូវ៉ា ទូល​ថា ឱ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូលបង្គំ​ជា​អ្វី តើ​កូន​ចៅ​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ ១៧ ប៉ុន្តែ ឱ​ព្រះអង្គ​អើយ នេះ​ជា​ការ​យ៉ាង​តូច នៅ​ព្រះនេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ពូជ​ពង្ស​នៃ​ទូលបង្គំ រហូត​ដល់​យូរអង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ទ្រង់​បាន​ទត​មក​ទូលបង្គំ តាម​សណ្ឋាន​មនុស្ស​ជាន់​ខ្ពស់ ១៨ តើ​ដាវីឌ​ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់​យ៉ាង​ដូច​ម្តេច​ទៀត ពី​កិត្តិយស​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ ១៩ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ការ​ធំ​ទាំង​នេះ ដោយ​យល់​ដល់​ទូលបង្គំ ហើយ​តាម​បំណង​ព្រះហឫទ័យ​ទ្រង់ ដើម្បី​នឹង​សំដែង ឲ្យ​ស្គាល់​អស់​ទាំង​ការ​ដ៏​ធំ​ទាំង​នេះ ២០ ឱ​ព្រះយេហូវ៉ា​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ត្រចៀក​ទូលបង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ ២១ តើ​មាន​សាសន៍​ឯ​ណា​មួយ នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ផង​ទ្រង់​នេះ ដែល​ព្រះ​បាន​យាង​ទៅ​ប្រោស​លោះ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះនាម ដោយ​ការ​យ៉ាង​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច ដោយ​បណ្តេញ​សាសន៍​ដ៏ទៃ ពី​មុខ​រាស្ត្រ​ទ្រង់​ចេញ ជា​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ ២២ ដ្បិត​ទ្រង់​បាន​យក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ធ្វើ​ជា​របស់​ផង​ទ្រង់ នៅ​ជា​រៀងរាប​ដរាប​ទៅ​ហើយ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ក៏​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ ២៣ ឥឡូវ​នេះ ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​សេចក្តី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ពី​ដំណើរ​ទូលបង្គំ និង​ពី​ពូជ​ពង្ស​របស់​ទូលបង្គំ បាន​ជាប់​នៅ​ជា​ដរាប​ត​ទៅ ហើយ​សូម​ទ្រង់​សំរេច ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​នោះ ២៤ សូម​ឲ្យ​សេចក្តី​នោះ​បាន​តាំង​ឡើង ដើម្បី​ឲ្យ​ព្រះនាម​ទ្រង់​បាន​ដំកើង​ឡើង​ជា​ដរាប ដោយ​ពាក្យ​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដល់​ពួក​អ៊ីស្រាអែល ហើយ​ពូជ​ពង្ស​របស់​ដាវីឌ ក៏​បាន​ខ្ជាប់ខ្ជួន​នៅ​ចំពោះ​ទ្រង់​ដែរ ២៥ ដ្បិត ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ​ដឹង​ថា ទ្រង់​នឹង​តាំង​វង្ស​ទូលបង្គំ​ឡើង ហេតុ​នោះ​បាន​ជា​ទូលបង្គំ​បាន​នឹក​ក្នុង​ចិត្ត​ចង់​អធិស្ឋាន​នៅ​ចំពោះ​ទ្រង់ ២៦ ឥឡូវ​នេះ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​សេចក្តី​ល្អ​នេះ​ដល់​ទូលបង្គំ ២៧ ឥឡូវ​នេះ ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូលបង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ទ្រង់​ជា​ដរាប​ទៅ ដ្បិត​ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ប្រទាន​ពរ​ហើយ ដូច្នេះ វង្ស​ទូលបង្គំ​នឹង​បាន​ពរ​ពិត​ជា​ដរាប​ទៅ។