២៧
ការ​ចាត់ចែង​អាជ្ញាធរ​ទាហាន
១ រីឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ចំនួន​គេ គឺ​តាម​ពួក​មេ​លើ​វង្ស​ឪពុក​គេ និង​ពួក​មេ​ទ័ព​ធំ​តូច ហើយ​ពួក​នាយ​ដែល​បំរើ​ស្តេច ក្នុង​គ្រប់​ទាំង​ការ ខាង​ឯ​វេន​គេ​ដែល​ចេញ​ចូល​រាល់​តែ​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ ដែល​រាល់​តែ​វេន​មាន​២​ម៉ឺន​៤​ពាន់​នាក់ ២ នោះ​មាន​យ៉ាសុបៀម ជា​កូន​សាបឌាល ជា​អ្នក​ត្រួត​លើ​ពួក​វេន​ទី​១ នៅ​ខែ​ចេត្រ ហើយ​ក្នុង​វេន​លោក​មាន​២​ម៉ឺន​៤​ពាន់​នាក់ ៣ លោក​កើត​ក្នុង​ពូជ​ពង្ស​ពេរេស ជា​មេ​លើ​ពួក​មេទ័ព សំរាប់​ខែ​ដំបូង ៤ ដូដាយ ជា​ពួក​អ័ហូអា ជា​អ្នក​ត្រួត​លើ​ពួក​វេន​ខែ​ពិសាខ ហើយ​មីកឡូត ជា​មេ​លើ​ពួក​វេន​របស់​លោក ក្នុង​ពួក​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ៥ មេ​ទី​៣ ជា​មេ​ធំ​លើ​ពួក​ទ័ព នៅ​ខែ​ជេស្ឋ គឺ​បេណាយ៉ា ជា​កូន​យេហូយ៉ាដា​ដ៏​ជា​សង្ឃ ហើយ​នៅ​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ៦ គឺ​បេណាយ៉ា​នេះ ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​បាន​ត្រួត​លើ​គេ​ផង ឯ​អាំមីសាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ ៧ មេ​ទី​៤ ដែល​សំរាប់​ខែ​អាសាឍ គឺ​អេសាអែល ជា​ប្អូន​យ៉ូអាប់ ហើយ​បន្ទាប់​មក​មាន​សេបាឌា ជា​កូន​លោក ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ៨ មេ​ទី​៥ សំរាប់​ខែ​ស្រាពណ៍ គឺ​សាមហ៊ូត ជា​ពួក​យីសរ៉ា ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ៩ មេ​ទី​៦ សំរាប់​ខែ​ភទ្របទ គឺ​អ៊ីរ៉ា ជា​កូន​អ៊ីកគែស ជា​អ្នក​ក្រុង​ត្កូអា ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ១០ មេ​ទី​៧ សំរាប់​ខែ​អស្សុជ គឺ​ហេលែស ជា​ពួក​ពេឡូន ក្នុង​ពួក​កូន​ចៅ​អេប្រាអិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ១១ មេ​ទី​៨ សំរាប់​ខែ​កត្តិក គឺ​ស៊ីបាកាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ១២ មេ​ទី​៩ សំរាប់​ខែ​មិគសិរ គឺ​អ័បៀស៊ើរ ជា​អ្នក​ក្រុង​អាន៉ាថោត ពូជ​អំបូរ​បេនយ៉ាមីន ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ១៣ មេ​ទី​១០ សំរាប់​ខែ​បុស្ស គឺ​ម៉ាហារ៉ាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ១៤ មេ​ទី​១១ សំរាប់​ខែ​មាឃ គឺ​បេណាយ៉ា ជា​អ្នក​ស្រុក​ពី​រ៉ាថូន ក្នុង​ពូជ​អំបូរ​អេប្រាអិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់ ១៥ មេ​ទី​១២ សំរាប់​ខែ​ផល្គុណ គឺ​ហេលដាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​២​ម៉ឺន​៤​ពាន់​នាក់​ដែរ។
ការ​ចាត់ចែង​អាជ្ញាធរ​ស៊ីវិល
១៦ ឯ​ពួក​ចៅហ្វាយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នោះ​ដូច្នេះ គឺ​ក្នុង​ពួក​រូបេន មាន​អេលាស៊ើរ កូន​ស៊ីកគ្រី ជា​ចៅហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផាធា កូន​ម្អាកា ១៧ ក្នុង​ពួក​លេវី គឺ​ហាសាបយ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​អើរ៉ុន មាន​សាដុក ១៨ ក្នុង​ពួក​យូដា គឺ​អេលីហ៊ូវ ជា​ជេដ្ឋា​ដាវីឌ ក្នុង​ពួក​អ៊ីសាខារ គឺ​អំរី ជា​កូន​មីកែល ១៩ ក្នុង​ពួក​សាប់យូល៉ូន គឺ​យីសម៉ាយ៉ា ជា​កូន​អូបាឌា ក្នុង​ពួក​ណែបថាលី គឺ​យេរីម៉ូត ជា​កូន​អាសរាល ២០ ក្នុង​ពួក​កូន​ចៅ​អេប្រាអិម គឺ​ហូសេ ជា​កូន​អ័សាស៊ា ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​យ៉ូអែល ជា​កូន​ពេដាយ៉ា ២១ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត គឺ​យីដូរ ជា​កូន​សាការី ក្នុង​ពួក​បេនយ៉ាមីន គឺ​យ្អាសៀល ជា​កូន​អ័ប៊ីនើរ ២២ ក្នុង​ពួក​ដាន់ គឺ​អ័សារាល ជា​កូន​របស់​យេរ៉ូហាំ នេះ​សុទ្ធ​តែ​ជា​ចៅហ្វាយ​នៃ​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អម្បាលម៉ាន ២៣ តែ​ដាវីឌ​មិន​បាន​រាប់​ចំនួន​គេ ពី​ត្រឹម​អាយុ​២០​ឆ្នាំ ចុះ​ទៅ​ក្រោម​ទេ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ចំរើន​ពួក​អ៊ីស្រាអែល ឲ្យ​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ ដែល​នៅ​លើ​មេឃ ២៤ យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ចាប់​តាំង​រាប់​តែ​មិន​បាន​បង្ហើយ​ទេ ដ្បិត​ដំណើរ​នោះ បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​ក្រោធ មក​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ចំនួន​ពួក​គេ នោះ​មិន​បាន​កត់​ទុក ក្នុង​បញ្ជី​ពង្សាវតារ​នៃ​ស្តេច​ដាវីឌ​ទេ។
អ្នក​រក្សា​ព្រះរាជទ្រព្យ
២៥ ឯ​អ្នក​រក្សា​ព្រះរាជទ្រព្យ​របស់​ស្តេច គឺ​អាសម៉ាវែត ជា​កូន​អ័ឌីអែល ហើយ​យ៉ូណាថាន ជា​កូន​អ៊ូស៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យសម្បត្តិ នៅ​ស្រែ​ចំការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន ២៦ អែសរី កូន​កេលូប​ជា​អ្នក​ត្រួត​លើ​ពួក​អ្នក​ភ្ជួររាស់ នៅ​ស្រែ​ចំការ ២៧ ស៊ីម៉ាយ ដែល​នៅ​ក្រុង​រ៉ាម៉ា ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំងបាយជូរ ហើយ​សាប់ឌី ក្នុង​ពួក​សេផាម ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំងបាយជូរ ដែល​នៅ​ឯ​ចំការ ២៨ បាលហាន៉ាន់ ដែល​នៅ​ក្រុង​កេឌើរ ជា​អ្នក​ត្រួត​លើ​ចំការ​អូលីវ និង​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប ហើយ​យ៉ូអាស ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ប្រេង​អូលីវ ២៩ ស៊ីតរ៉ាយ ដែល​នៅ​ស្រុក​សារ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​រក​ស៊ី​នៅ​ស្រុក​សារ៉ុន ហើយ​សាផាត កូន​អ័ឌឡាយ ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​នៅ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន ៣០ អូប៊ីល សាសន៍​អ៊ីសម៉ាអែល ជា​អ្នក​ត្រួត​លើ​ហ្វូង​អូដ្ឋ យេដាយ៉ា ដែល​នៅ​ស្រុក​មេរ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​លា យ៉ាស៊ីស ក្នុង​ពួក​ហាក់រេន ជា​អ្នក​ត្រួត​លើ​ហ្វូង​ចៀម ៣១ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ព្រះរាជ្យ​ទ្រព្យ​របស់​ស្តេច​ដាវីឌ។
អ្នក​ជំនិត​របស់​ស្តេច​ដាវីឌ
៣២ ឯ​យ៉ូណាថាន ជា​ញាតិ​វង្ស​នឹង​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ និង​ប្រាជ្ញា យេហ៊ីអែល​ជា​កូន​ហាក់ម៉ូនី ជា​អ្នក​នៅ​ជា​មួយ​នឹង​ពួក​បុត្រ​របស់​ស្តេច ៣៣ អ័ហ៊ីថូផែល ជា​អ្នក​ដែល​ជួយ​គំនិត​ដល់​ស្តេច ហើយ​ហ៊ូសាយ ជា​ពួក​អើគី ជា​អ្នក​ជិត​ស្និទ្ធ​នឹង​ស្តេច ៣៤ បន្ទាប់​ពី​អ័ហ៊ីថូផែល​មក នោះ​មាន​យេហូយ៉ាដា ជា​កូន​បេណាយ៉ា និង​អ័បៀថើរ ហើយ​យ៉ូអាប់ ជា​មេ​ទ័ព​ធំ​របស់​ស្តេច។