២៨
ស្តេច​ដាវីឌ​ស្នើ​តែងតាំង​សាឡូម៉ូន​ឲ្យ​ឡើង​ស្នង​រាជ្យ
១ គ្រា​នោះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ្នក ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រាអែល ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះរាជ្យ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ២ រួច​ស្តេច​ដាវីឌ​ទ្រង់​ក្រោក​ឈរ​ឡើង​មាន​ព្រះបន្ទូល​ថា ឱ​បង​ប្អូន ជា​រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះវិហារ សំរាប់​ឲ្យ​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​បាន​សំរាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សំរាប់​ការ​ស្អាង​នោះ​ដែរ ៣ តែ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​មក​យើង​ថា ឯង​មិន​ត្រូវ​ស្អាង​ព្រះវិហារ សំរាប់​ឈ្មោះ​អញ​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចំបាំង​មក ហើយ​បាន​កំចាយ​ឈាម​ផង ៤ ប៉ុន្តែ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​រើស​យើង​ចេញ ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ជា​ដរាប​ទៅ ដ្បិត​ទ្រង់​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា នោះ​ទ្រង់​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង នោះ​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ៥ ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ករាជ្យ​នៃ​ព្រះយេហូវ៉ា ដើម្បី​គ្រប់គ្រង​លើ​សាសន៍​អ៊ីស្រាអែល ៦ ទ្រង់​បាន​មាន​ព្រះបន្ទូល​មក​យើង​ថា សាឡូម៉ូន ជា​កូន​ឯង​នឹង​ស្អាង​ព្រះវិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​អញ ដ្បិត​អញ​បាន​រើស​វា ឲ្យ​បាន​ធ្វើ​ជា​កូន​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ៧ អញ​នឹង​តាំង​រាជ្យ​វា ឲ្យ​នៅ​ជាប់​ជានិច្ច​ទៅ គឺ​បើ​វា​កាន់​ខ្ជាប់​តាម​ក្រឹត្យក្រម និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ ៨ ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​ចំពោះ​ពួក​អ៊ីស្រាអែល​ទាំង​អម្បាលម៉ាន ជា​ពួក​ជំនុំ​នៃ​ព្រះយេហូវ៉ា ហើយ​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យក្រម​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​បាន​ស្រុក​ល្អ​នេះ ទុក​ជា​កេរអាករ​នៃ​អ្នក​រាល់​គ្នា ហើយ​ទុក​ជា​មរដក​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ខាង​ក្រោយ​ត​ទៅ។
៩ ហើយ​ឯ​ឯង ឱ​សាឡូម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិបត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រស្មោះ​ផង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្តី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះបង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏ និង​បោះបង់​ចោល​ឯង​ជា​ដរាប​ទៅ ១០ ឥឡូវ​នេះ ចូរ​ឯង​ប្រុង​ប្រយ័ត្ន ដ្បិត​ព្រះយេហូវ៉ា​បាន​រើស​ឯង ឲ្យ​បាន​ស្អាង​ព្រះវិហារ ទុក​ជា​ទី​បរិសុទ្ធ ដូច្នេះ ចូរ​ឯង​មាន​កំឡាំង​ឡើង ហើយ​ធ្វើ​សំរេច​ចុះ។
១១ នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំងសាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ ១២ ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះវិញ្ញាណ សំរាប់​ទី​លាន​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សំរាប់​ជា​ឃ្លាំង​របស់​ព្រះវិហារ​នៃ​ព្រះ និង​ឃ្លាំង​នៃ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន ១៣ ហើយ​សំរាប់​វេន​ពួក​សង្ឃ និង​ពួក​លេវី ហើយ​សំរាប់​កិច្ចការ​នៃ​ការងារ​ទាំង​អស់ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់ ដែល​ប្រើ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ១៤ ដាវីឌ​ទ្រង់​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ និង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ​ដែរ ១៥ គឺ​កំណត់​ទំងន់​មាស សំរាប់​ធ្វើ​ជើង​ចង្កៀង​មាស និង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​នីមួយៗ និង​តួ​ចង្កៀង​នីមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សំរាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង និង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​នីមួយៗ​នោះ ១៦ ហើយ​មាស​សំរាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក និង​ប្រាក់​សំរាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ ១៧ ព្រម​ទាំង​សម ចានគោម និង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ និង​ផ្តិល​មាស តាម​ទំងន់​នីមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទំងន់ ១៨ និង​មាស​សុទ្ធ​សំរាប់​អាសនា​គ្រឿង​ក្រអូប​តាម​ទំងន់​ផង ទ្រង់​ក៏​ប្រគល់​គំរូ ដែល​សំរាប់​ធ្វើ​រទេះ និង​ចេរូប៊ីន ដែល​ត្រដាង​ស្លាប​គ្រប​ពី​លើ​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​ដែរ ១៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះហស្ត​ព្រះយេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។
២០ ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​សាឡូម៉ូន​ជា​ព្រះរាជបុត្រា​ថា ចូរ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សំរេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះបង់​ចោល​ឯង​ដែរ ដរាប​ដល់​អស់​ទាំង​ការ ដែល​ធ្វើ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​នេះ​បាន​សំរេច ២១ ហើយ​មើល មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សំរាប់​គ្រប់​ទាំង​ការងារ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វីដៃ​ខាង​ឯ​ការ​អ្វី​ក៏​ដោយ គេ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​សំរេច​ការ​នេះ ចំណែក​ពួក​ចៅហ្វាយ និង​បណ្តាជន​ទាំង​អស់​គ្នា គេ​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ។