២៩
ដង្វាយ​សំរាប់​ការ​សាង​សង់​ព្រះវិហារ
១ លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះវិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស គឺ​សំរាប់​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​វិញ ២ យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សំរាប់​ព្រះវិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សំរាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សំរាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សំរាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សំរាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​ដំឡៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ ៣ មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះវិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ខ្លួន​យើង សំរាប់​ព្រះវិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សំរាប់​ទី​បរិសុទ្ធ​នេះ ៤ គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សំរាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន ៥ ហើយ​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សំរាប់​គ្រប់​ទាំង​ការ ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ដែរ​ឬ​ទេ។
៦ គ្រា​នោះ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ៧ គេ​ថ្វាយ​សំរាប់​ការងារ ក្នុង​ព្រះវិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប និង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប និង​ដែក​១​សែន​ហាប ៨ ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក្រោម​អំណាច​យេហ៊ីអែល ជា​ពួក​គើសុន ៩ នោះ​បណ្តាជន​ទាំងឡាយ​ក៏​រីករាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះយេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ស្តេច​ដាវីឌ​ទ្រង់​ក៏​រីករាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។
ពាក្យ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ
១០ ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះពរ​នៅ​អស់​កល្ប​ជានិច្ច ១១ ឱ​ព្រះយេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះចេស្តា សិរីល្អ ជ័យជំនះ និង​តេជានុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះយេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់ ១២ ទ្រព្យសម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​អំពី​ទ្រង់ ហើយ​គឺ​ទ្រង់​ដែល​គ្រប់គ្រង​លើ​ទាំង​អស់ នៅ​ព្រះហស្ត​ទ្រង់​មាន​ទាំង​ព្រះចេស្តា និង​ឥទ្ធិឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កំឡាំង​ដល់​មនុស្ស​ទាំង​អស់ ១៣ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះនាម​ទ្រង់​ដ៏​មាន​សិរីល្អ ១៤ តែ​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ ១៥ ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិតស្ថេរ​បាន​ឡើយ ១៦ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​នឹង​ស្អាង​ព្រះវិហារ​ថ្វាយ​ដល់​ទ្រង់ សំរាប់​ព្រះនាម​បរិសុទ្ធ​ទ្រង់ នោះ​សុទ្ធ​តែ​មក​ពី​ព្រះហស្ត​ទ្រង់​ទេ ហើយ​ជា​របស់​ផង​ទ្រង់​ទាំង​អស់​ដែរ ១៧ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ទ្រង់​ដែល​ល្បង​ល​ចិត្ត ហើយ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​ទៀង​ត្រង់ ចំណែក​ទូលបង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ​ឯង ដែល​ទូលបង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូលបង្គំ​មាន​សេចក្តី​អំណរ ដោយ​ឃើញ​រាស្ត្រ​របស់​ទ្រង់ ដែល​ប្រជុំ​នៅ​ទី​នេះ​គេ​ថ្វាយ​ដល់​ទ្រង់ ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ១៨ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល ជា​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀងរាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់ ១៩ ហើយ​សូម​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​បុត្រ​ទូលបង្គំ មាន​ចិត្ត​ស្មោះត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យក្រម​សេចក្តី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ ហើយ​ស្អាង​ព្រះវិហារ​នេះ​ដែល​ទូលបង្គំ​បាន​ត្រៀម​ទុក​ឲ្យ។
២០ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា និង​ស្តេច​ផង។
ស្តេច​សាឡូម៉ូន​ឡើង​គ្រង​រាជ្យ
២១ ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញបូជា និង​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ និង​ដង្វាយ​ច្រួច​នៃ​ដង្វាយ​ទាំង​នោះ ហើយ​យញ្ញបូជា​ឯ​ទៀត​ជា​បរិបូរ​សំរាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ២២ គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះយេហូវ៉ា ដោយ​សេចក្តី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។
រួច​គេ​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះយេហូវ៉ា ទុក​ជា​អ្នក​គ្រប់គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ ២៣ នោះ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះយេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ ព្រះបិតា​ទ្រង់ ក៏​ថ្កុំថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់ ២៤ ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ដាវីឌ នោះ​ក៏​ចុះ​ចូល​នឹង​ស្តេច​សាឡូម៉ូន​ទាំង​អស់​ដែរ ២៥ ព្រះយេហូវ៉ា​ទ្រង់​ក៏​ដំកើង​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃលែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​តេជានុភាព​ដ៏​ខ្ពង់ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រាអែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។
ស្តេច​ដាវីឌ​សោយ​ទិវង្គត
២៦ រីឯ​ដាវីឌ ជា​បុត្រ​អ៊ីសាយ ទ្រង់​បាន​សោយរាជ្យ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ២៧ ហើយ​ពេល​វេលា​ដែល​ទ្រង់​សោយរាជ្យ​លើ​គេ នោះ​រួម​ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​ទ្រង់​សោយរាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូសាឡិម​បាន​៣៣​ឆ្នាំ ២៨ រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះជន្ម​វែង​ល្អ ហើយ​បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម ទ្រព្យសម្បត្តិ និង​កិត្តិយស​ផង នោះ​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ក៏​ឡើង​សោយរាជ្យ​ជំនួស​ព្រះបិតា ២៩ រីឯ​កិច្ចការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូអែល ជា​អ្នក​មើលឆុត និង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើលឆុត​ហើយ ៣០ ព្រម​ទាំង​រឿង​ពី​រាជ្យ និង​ឥទ្ធានុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រាអែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​នោះ​ផង។:៚