ភារកិច្ច​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ
១ ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះគ្រីស្ទ ២ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ ៣ ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្តី​ឈ្នានីស ឈ្លោះ​ប្រកែក និង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នេះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី ៤ គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី ៥ ដូច្នេះ តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បំរើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ ៦ ខ្ញុំ​បាន​សាបព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ ៧ ហេតុ​នោះ​បាន​ជា​អ្នក​សាបព្រោះ និង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ ៨ ឯ​អ្នក​ដែល​សាបព្រោះ និង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ ៩ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ។
១០ ខ្ញុំ​បាន​ដាំ​ជើង​ជញ្ជាំង ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះគុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ ប៉ុន្តែ​ត្រូវ​ឲ្យ​មនុស្ស​ប្រយ័ត្ន​រៀង​ខ្លួន អំពី​បែប​ណា​ដែល​សង់​ពី​លើ​ជើង​នោះ ១១ ដ្បិត​គ្មាន​អ្នក​ណា​អាន​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ១២ បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ ១៣ នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់លាស់ ព្រោះ​ការ​នោះ​នឹង​សំដែង​ចេញ​មក​ដោយសារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​និមួយៗ ធ្វើ ឲ្យ​ដឹង​ជា​យ៉ាង​ណា ១៤ បើ​ការ​ដែល​អ្នក​ណា​សង់​ឡើង​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់ ១៥ បើ​ការ​ដែល​អ្នក​ណា​ធ្វើ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត​វិញ តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច បែប​ដូច​ជា​ដើរ​កាត់​ភ្លើង។
១៦ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ១៧ បើ​អ្នក​ណា​បង្ខូច​ព្រះវិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​ខូច​ដែរ ដ្បិត​ព្រះវិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺ​ជា​ខ្លួន​អ្នក​រាល់​គ្នា​នេះ​ឯង។
១៨ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​ខ្លួន​ឡើយ បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងង់ល្ងើវិញ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ឡើង ១៩ ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្តី​ល្ងង់ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​ថា «ព្រះ​ទ្រង់​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយសារ​កិច្ចកល​របស់​ខ្លួន​គេ» ២០ ហើយ​មាន​បទ​១​ទៀត​ថា «ព្រះអម្ចាស់​ទ្រង់​ជ្រាប​គំនិត​នៃ​ពួក​អ្នក​ប្រាជ្ញ ថា​ជា​ឥត​ប្រយោជន៍​ទាំង​អស់» ២១ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង​អស់​ជា​របស់ផង​អ្នក​រាល់​គ្នា ២២ ទោះ​ទាំង​ប៉ុល ឬ​អ័ប៉ុឡូស កេផាស លោកីយ៍ ជីវិត សេចក្តី​ស្លាប់ របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ទាំង​អស់ ២៣ តែ​ឯ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ។