សាវ័ក​របស់​ព្រះគ្រីស្ទ
១ ដូច្នេះ មនុស្ស​ត្រូវ​រាប់​យើង​ខ្ញុំ ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​វិញ ២ រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះត្រង់ ៣ តែ​ខាង​ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់​គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទ​ប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​ចោទ​ទោស​ខ្លួន​ខ្ញុំ​ផង ៤ ពី​ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ខ្លួន​ខ្ញុំ​សោះ ប៉ុន្តែ ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយសារ​ហេតុ​នោះ​ទេ អ្នក​ដែល​ចោទ​ប្រកាន់​ទោស នោះ​គឺ​ជា​ព្រះអម្ចាស់​វិញ​ទេ​តើ ៥ ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះអម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​និង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្តី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។
៦ បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្តី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ និង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្តី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ ៧ ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ ៨ អ្នក​រាល់​គ្នា​ឆ្អែត​ហើយ ក៏​ជា​អ្នក​មាន​ផង កាល​ឥត​ពី​យើង​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ឡើង ហើយ​ខ្ញុំ​ក៏​សុខ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សោយ​រាជ្យ​ជា​មួយ​គ្នា ៩ ខ្ញុំ​ស្មាន​ថា ព្រះ​ទ្រង់​បាន​ដាក់​យើង​ខ្ញុំ ដែល​ជា​ពួក​សាវ័ក ឲ្យ​នៅ​ក្រោយ​បង្អស់ ហាក់​ដូច​ជា​បាន​តម្រូវ​ឲ្យ​ស្លាប់​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដែល​សំរាប់​ឲ្យ​លោកីយ៍​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា និង​ពួក​មនុស្ស​ផង ១០ យើង​ខ្ញុំ​ជា​មនុស្ស​ល្ងង់ល្ងើ​ដោយ​យល់​ព្រះគ្រីស្ទ តែ​អ្នក​រាល់​គ្នា​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះគ្រីស្ទ​វិញ យើង​ខ្ញុំ​ខ្សោយ តែ​អ្នក​រាល់​គ្នា​មាន​កំឡាំង អ្នក​រាល់​គ្នា​មាន​សេចក្តី​រុងរឿង តែ​យើង​ខ្ញុំ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​វិញ ១១ លុះ​មក​ដល់​ឥឡូវ​នេះ យើង​ខ្ញុំ​ត្រូវ​ទាំង​ឃ្លាន ទាំង​ស្រេក ហើយ​នៅ​អាក្រាត ទាំង​ត្រូវ​គេ​វាយ ហើយ​ក៏​ដើរ​សាត់​អណ្តែត ១២ យើង​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​នឹង​ដៃ​យើង កាល​ណា​គេ​ជេរ នោះ​យើង​ខ្ញុំ​ឲ្យ​ពរ​វិញ កាល​ណា​គេ​បៀត​បៀន នោះ​យើង​ខ្ញុំ​ទ្រាំ​ទ្រ ១៣ កាល​ណា​គេ​ប្រមាថ នោះ​យើង​ខ្ញុំ​អង្វរ​ដល់​គេ យើង​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សំរាម​របស់​លោកីយ៍ ហើយ​ដូច​ជា​កំអែល​នៃ​មនុស្ស​ទាំង​អស់ ដរាប​ដល់​ឥឡូវ​នេះ ១៤ ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ខ្មាស​ទេ ខ្ញុំ​គ្រាន់​តែ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ស្ងួនភ្ងា​វិញ​ប៉ុណ្ណោះ ១៥ ដ្បិត​ថ្វី​បើ​អ្នក​រាល់​គ្នា​មាន​គ្រូ ទាំង​ម៉ឺន​ក្នុង​ព្រះគ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​ខ្ញុំ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​ក្នុង​ព្រះគ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​ក្នុង​ព្រះគ្រីស្ទ ដោយសារ​ដំណឹង​ល្អ ១៦ ដូច្នេះ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​យក​ដំរាប់​តាម​ខ្ញុំ​ចុះ។
១៧ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គាត់​ជា​កូន​ស្ងួនភ្ងា ហើយ​ស្មោះត្រង់​របស់​ខ្ញុំ ក្នុង​ព្រះអម្ចាស់ គាត់​នឹង​រំឭក​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះគ្រីស្ទ តាម​សេចក្តី​ដែល​ខ្ញុំ​បង្រៀន ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​នៅ​សព្វ​អន្លើ ១៨ មាន​អ្នក​ខ្លះ​កើត​មាន​ចិត្ត​ធំ ដោយ​គិត​ស្មាន​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ ១៩ ប៉ុន្តែ​បន្តិច​ទៀត បើ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​ខ្ញុំ​នឹង​មក​ជា​មិន​ខាន ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សំដី​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​ដល់​ទាំង​អំណាច​គេ​ថែម​ទៀត​ផង ២០ ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ស្រេច​នឹង​ឥទ្ធិឫទ្ធិ​វិញ ២១ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា ចង់​ឲ្យ​ខ្ញុំ​មក​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​សុភាព​រាប​សា​វិញ។