ការ​សង់​ព្រះវិហារ
១ គ្រា​ក្រោយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​៤៨០​ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ​ទី​៤​ដែល​សាឡូម៉ូន​សោយរាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ក្នុង​ខែ​ពិសាខ ជា​ខែ​ទី​២ នោះ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ២ ឯ​ព្រះវិហារ​ដែល​ស្តេច​សាឡូម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះយេហូវ៉ា នោះ​មាន​បណ្តោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ ៣ មាន​បាំងសាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះវិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវ​ទទឹង​ព្រះវិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះវិហារ​ទៅ ៤ ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះវិហារ មាន​ចំរ៉ឹង​ខ្ទាស់​គ្នា ៥ ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះវិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំវិញ ៦ ឯ​ថ្នាក់​ក្រោម នោះ​ទទឹង​៥​ហត្ថ ថ្នាក់​កណ្តាល ទទឹង​៦​ហត្ថ ហើយ​ថ្នាក់​ទី​៣ ទទឹង​៧​ហត្ថ ពី​ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះវិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំវិញ ដើម្បី​កុំ​ឲ្យ​រត់​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ ៧ មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះវិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ​ឬ​ពូថៅ​ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះវិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ ៨ ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្តាល នោះ​នៅ​ខាង​ស្តាំ​ព្រះវិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្តាល​នោះ ហើយ​ពី​ថ្នាក់​កណ្តាល​ទៅ​ឯ​ថ្នាក់​ទី​៣​ដោយសារ​ជណ្តើរ​វង់ ៩ ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះវិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ ១០ ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះវិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះវិហារ។
១១ គ្រា​នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ក៏​មក​ដល់​សាឡូម៉ូន​ថា ១២ ឯ​ព្រះវិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​អញ ហើយ​សំរេច​តាម​សេចក្តី​យុត្តិធម៌ ព្រម​ទាំង​រក្សា​សេចក្តី​បង្គាប់​របស់​អញ​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​សំរេច​ដល់​ឯង តាម​ពាក្យ​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង ១៣ ហើយ​អញ​នឹង​ស្ថិត​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ឥត​បោះបង់​ចោល​រាស្ត្រ​របស់​អញ​ឡើយ។
ការ​តុបតែង​លំអ​ក្នុង​ព្រះវិហារ
១៤ ដូច្នេះ សាឡូម៉ូន ទ្រង់​បាន​ស្អាង​ព្រះវិហារ​នោះ​រួច​ជា​ស្រេច ១៥ គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះវិហារ​ដោយ​ក្តារ​កកោះ​ដែរ ១៦ ឯ​ទី​ខាង​ចុង​នៃ​ព្រះវិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សំរាប់​ជា​ទី​ទទួល​ព្រះបន្ទូល ១៧ ផ្នែក​ខាង​មុខ​នៃ​ព្រះវិហារ នោះ​មាន​បណ្តោយ​៤០​ហត្ថ ១៨ ហើយ​ឈើ​តាត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះវិហារ នោះ​ក៏​ឆ្លាក់​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ ដោយ​ឈើ​តាត្រៅ ឥត​ឃើញ​ថ្ម​ឡើយ ១៩ ទ្រង់​ក៏​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះវិហារ សំរាប់​ដាក់​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា ២០ ឯ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​មាន​បណ្តោយ​២០​ហត្ថ និង​ទទឹង​២០​ហត្ថ ហើយ​កំពស់​២០​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាសនា​ដែល​ធ្វើ​ពី​ឈើ​តាត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ ២១ ដូច្នេះ សាឡូម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះវិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ ២២ ដូច្នេះ ព្រះវិហារ​ទាំង​មូល​សុទ្ធ​តែ​ស្រោប​ដោយ​មាស ទាល់​តែ​បាន​រួច​ជា​ស្រេច​ទាំង​អស់ ទោះ​ទាំង​អាសនា​ទាំង​មូល​របស់​ផង​ទី​បរិសុទ្ធ​បំផុត ក៏​ស្រោប​ដោយ​មាស​ដែរ។
២៣ នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​បាន​ធ្វើ​រូប​ចេរូប៊ីន​២ ដោយ​ឈើ​អូលីវ មាន​កំពស់​១០​ហត្ថ​ទាំង​គូ ២៤ ស្លាប​ម្ខាងៗ​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់​ចុង​ស្លាប​ម្ខាង ត្រូវ​ជា​១០​ហត្ថ ២៥ ឯ​ចេរូប៊ីន​១​ទៀត​នោះ ក៏​មាន​១០​ហត្ថ​ដែរ ចេរូប៊ីន​ទាំង​២​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា ២៦ ចេរូប៊ីន​១​មាន​កំពស់​១០​ហត្ថ ហើយ​១​ទៀត​ក៏​យ៉ាង​នោះ​ដែរ ២៧ ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះវិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះវិហារ ២៨ ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។
២៩ ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះវិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ៣០ ហើយ​ក្តារ​ក្រាល​ព្រះវិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ ៣១ ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង ៣២ ទ្វារ​ទាំង​២​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូប៊ីន និង​ដើម​លម៉ើ​ផង ៣៣ នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះវិហារ នោះ​ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង ៣៤ ហើយ​ផ្ទាំង​ទ្វារ​ទាំង​២ នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង ៣៥ ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង ៣៦ ទ្រង់​ធ្វើ​ទីលាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់។
៣៧ នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ៣៨ រួច​ដល់​ឆ្នាំ​១១ ខែ​កត្តិក គឺ​ជា​ខែ​ទី​៨ គេ​បាន​ស្អាង​ព្រះវិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់ តាម​ផែន​ទី​គ្រប់​ចំពូក ដូច្នេះ ទ្រង់​ស្អាង​ព្រះវិហារ​នោះ​អស់​៧​ឆ្នាំ​ទើប​បាន​ហើយ។