៧
ការសង់ព្រះរាជវាំង
១ សាឡូម៉ូនទ្រង់ក៏សង់ដំណាក់របស់ទ្រង់ ក្នុងរវាងអស់១៣ឆ្នាំ ទើបបានស្រេចទាំងអស់ ២ ទ្រង់បានសង់មន្ទីរនៃព្រៃល្បាណូន មានបណ្តោយ១០០ហត្ថ ទទឹង៥០ហត្ថ និងកំពស់៣០ហត្ថ មានសសរតាត្រៅ៤ជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ ៣ ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំង៤៥ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុង១ជួរមាន១៥ ៤ ឯបង្អួចមាន៣ជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំង៣ជាន់ ៥ អស់ទាំងទ្វារ និងក្រប ក៏ធ្វើពីឈើ៤ជ្រុង ព្រមទាំងបង្អួច៣ជាន់ ប្រទល់គ្នានោះដែរ ៦ ទ្រង់ក៏ធ្វើបាំងសាចដោយមានសសរ បាំងសាចនោះមានបណ្តោយ៥០ហត្ថ និងទទឹង៣០ហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើនៅជុំវិញ ៧ ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិដាន ៨ ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
៩ ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ ១០ ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានដំឡៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ ១១ ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ និងឈើតាត្រៅផង ១២ ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។
កិច្ចការរបស់ហ៊ីរ៉ាម
១៣ ស្តេចសាឡូម៉ូន ទ្រង់ចាត់គេ ឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក ១៤ អ្នកនោះជាកូនរបស់ស្រីមេម៉ាយម្នាក់ក្នុងពូជអំបូរណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯស្តេចសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់ ១៥ គាត់សិតធ្វើសសរ២ដោយលង្ហិន ទាំង២មានកំពស់១៨ហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជា១២ហត្ថក្នុងសសរមួយៗ ១៦ គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា ១៧ មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កំរងច្រវាក់៧នៅក្បាលសសរមួយៗ ក្នុងទាំង២នោះ ១៨ គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំង២ ហើយមានផ្លែទទឹម២ជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសំរាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំង២ ១៩ ឯក្បាលសសរនៃបាំងសាចមានកំពស់៤ហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ ២០ មានក្បាលនៅលើសសរទាំង២នោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹម២០០ រៀបជា២ជួរនៅព័ទ្ធជុំវិញសសរទាំង២នោះដូចគ្នា ២១ គាត់ក៏លើកសសរទាំង២នោះបញ្ឈរឡើង នៅត្រង់បាំងសាចនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស ២២ នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។
២៣ គាត់ក៏សិតធ្វើជាសមុទ្រ មានរាងមូលទំហំ១០ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកំពស់៥ហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជា៣០ហត្ថ ២៤ នៅក្រោមគែមជុំវិញ មានក្បាច់ផ្កាក្រពុំ១០ក្នុង១ហត្ថ នៅព័ទ្ធជុំវិញ ផ្កាក្រពុំទាំងនោះបានសិតជា២ជួរ ក្នុងកាលដែលគេសិតសមុទ្រនោះតែម្តង ២៥ ក៏ដាក់លើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនោះបានដាក់តម្កល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់ ២៦ តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
២៧ គាត់ក៏ធ្វើគ្រោងលង្ហិន១០ បណ្តោយ៤ហត្ថ ទទឹង៤ហត្ថ ហើយកំពស់៣ហត្ថ ២៨ គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត ២៩ ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានធ្លាប់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល ៣០ គ្រោងមួយៗ នោះមានកង់លង្ហិន៤ និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំង៤ជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កំរងខាងៗទាំងអស់ ៣១ ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកំពស់១ហត្ថ រាងមូល១ហត្ថកន្លះ មានក្បាច់ចំឡាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជា៤ជ្រុងវិញ មិនមែនមូលទេ ៣២ ឯខាងក្រោមបន្ទះ នោះមានកង់៤ ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់១កំពស់១ហត្ថកន្លះ ៣៣ ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចំបាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ និងដុំផង គ្រឿងទាំងនោះបានសិត ដោយលង្ហិនទាំងអស់ ៣៤ នៅត្រង់ជ្រុងទាំង៤របស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយនឹងតួគ្រោងនោះឯង ៣៥ ហើយពីខាងលើជញ្ជាំងគ្រោងនោះ មានបន្ទះចេញជារាងមូល កំពស់កន្លះហត្ថ ឯខាងលើបន្ទះនោះ និងជើងកំណល់ បានភ្ជាប់ជាមួយគ្នា ៣៦ គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ និងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ ៣៧ គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំង១០នោះ ទាំងអស់សិតពីពុម្ពតែ១ មានទំហំមានរាងដូចគ្នា។
៣៨ គាត់ក៏ធ្វើបានក្លាំលង្ហិន១០ ចានមួយៗចំណុះទឹក៤០អម្រែក មានទំហំ៤ហត្ថ ហើយគ្រប់គ្រោងទាំង១០ នោះមានចានក្លាំមួយៗ ៣៩ រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។
បញ្ជីរបស់របរដែលហ៊ីរ៉ាមបានធ្វើ
៤០ ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ៤១ គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរ និងក្បាច់ក្រឡាអួន សំរាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ ៤២ ហើយផ្លែទទឹមទាំង៤០០ សំរាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹម២ជួរសំរាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំង២នោះ ៤៣ ព្រមទាំងគ្រោង១០ និងចានក្លាំ១០ ដែលនៅលើគ្រោងទាំងនោះ ៤៤ និងសមុទ្រ១ ហើយគោទាំង១២ ដែលទ្រពីខាងក្រោម ៤៥ ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង ៤៦ ស្តេចទ្រង់ឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្តាលភូមិសិកូត និងសារថាន ៤៧ សាឡូម៉ូនទ្រង់មិនបានថ្លឹងរបស់ទាំងនោះទេ ពីព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទំងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
៤៨ រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក ៤៩ ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ៥ខាងស្តាំ ៥ខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស ៥០ ហើយទាំងឆ្នាំង ដង្កៀប ចានគោម កូនចាន នឹងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសំរាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសំរាប់ទ្វារព្រះវិហារខាងក្រៅដែរ។
៥១ ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។