១៧
ហោរា​អេលីយ៉ា​ប្រកាស​ការ​រាំង​ស្ងួត
១ គ្រា​នោះ អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា​មួយ​នឹង​ពួក​ស្រុក​កាឡាត លោក​ទូល​នឹង​អ័ហាប់​ថា ទូលបង្គំ​ស្បថ ដោយ​នូវ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះជន្ម​រស់ ដែល​ទូលបង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ វៀរ​តែ​ដោយសារ​ពាក្យ​ទូលបង្គំ​ប៉ុណ្ណោះ ២ រួច​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​បង្គាប់​លោក​ថា ៣ ចូរ​ចេញ​ពី​ទី​នេះ បែរ​ទៅ​ខាង​កើត ហើយ​ពួន​ខ្លួន​នៅ​ឯ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​នឹង​ទន្លេ​យ័រដាន់​ទៅ ៤ ឯង​នឹង​ផឹក​ទឹក​ជ្រោះ​នោះ ហើយ​អញ​បាន​បង្គាប់​ឲ្យ​ក្អែក​ចិញ្ចឹម​ឯង​នៅ​ទី​នោះ​ដែរ ៥ ដូច្នេះ លោក​ក៏​ធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា គឺ​ទៅ​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​ទន្លេ​យ័រដាន់ ៦ ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​នោះ។
អេលីយ៉ា​ស្នាក់​នៅ​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា
៧ លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ពី​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។
៨ នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ក៏​មក​បង្គាប់​លោក​ថា ៩ ចូរ​ក្រោក​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង ១០ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ហើយ នោះ​ឃើញ​មាន​ស្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់​ឈើ លោក​ក៏​ហៅ​នាង​ថា សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច ១១ កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង ១២ តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយ មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សំរាប់​ខ្ញុំ និង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ ១៣ តែ​អេលីយ៉ា​ប្រាប់​នាង​ថា កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ទៅ​ធ្វើ​ដូច​ជា​អ្នក​បាន​ថា​ចុះ តែ​សូម​ធ្វើ​នំ​១​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សំរាប់​អ្នក និង​កូន​អ្នក​ចុះ ១៤ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ១៥ ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា រួច​ទាំង​នាង និង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិភោគ ត​មក​ជា​យូរ​ថ្ងៃ ១៦ ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល ដោយសារ​អេលីយ៉ា។
ហោរា​អេលីយ៉ា​ប្រោស​កូន​របស់​ស្ត្រី​មេម៉ាយ​ឲ្យ​រស់​ឡើង​វិញ
១៧ ក្រោយ​នោះ​មក មាន​កាល​១​ថ្ងៃ កូន​របស់​នាង​ម្ចាស់​ផ្ទះ​នោះ​ចាប់​ជំងឺ​ឈឺ ជំងឺ​នោះ​មាន​ទំងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ឡើយ ១៨ ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ ១៩ តែ​លោក​ឆ្លើយ​តប​ថា សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​អាស្រ័យ​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក ២០ រួច​អំពាវនាវ​ដល់​ព្រះយេហូវ៉ា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្តី​អាក្រក់​មក​លើ​ស្រី​មេម៉ាយ​នេះ ដែល​ទូលបង្គំ​អាស្រ័យ​នៅ​ជា​មួយ ដោយ​សំឡាប់​កូន​នាង​ដែរ​ឬ ២១ លោក​ក៏​ទ្រោប​លើ​កូន​នោះ​៣​ដង ទាំង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ ២២ ព្រះយេហូវ៉ា​ទ្រង់​ស្តាប់​តាម​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា ឲ្យ​រស់​ឡើង​វិញ ២៣ នោះ​អេលីយ៉ា​ក៏​បី​កូន​នោះ​ចុះ​ពី​បន្ទប់​មក ចូល​ទៅ​ក្នុង​ផ្ទះ​ប្រគល់​ដល់​ម្តាយ​វិញ ដោយ​ពាក្យ​ថា មើល កូន​អ្នក​មាន​ជីវិត​រស់ ២៤ នាង​និយាយ​ឡើង​ថា ឥឡូវ​នេះ​ខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត ហើយ​ថា ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ដែល​នៅ​មាត់​លោក