១៨
ហោរា​អេលីយ៉ា​ជួប​ស្តេច​អ័ហាប់
១ កាល​កន្លង​ជា​យូរ​ហើយ គឺ​ដល់​ឆ្នាំ​ទី​៣ នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​អេលីយ៉ា​ថា ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​អ័ហាប់​ឃើញ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផែនដី ២ ដូច្នេះ អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​អំណត់​អត់​ជា​ខ្លាំង​ណាស់ ៣ ចំណែក​អ័ហាប់​ទ្រង់​ហៅ​អូបាឌា ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបាឌា​នេះ លោក​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ណាស់ ៤ ដ្បិត​កាល​យេសិបិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះយេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក)
៥ អ័ហាប់​មាន​ព្រះបន្ទូល​ទៅ​អូបាឌា​ថា ចូរ​ឯង​ទៅ​អស់​ទាំង​រន្ធ​ទឹក និង​ជ្រោះ​ទឹក​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក ប្រហែល​ជា​យើង​នឹង​រក​បាន​ស្មៅ​ល្មម​នឹង​ចិញ្ចឹម​សេះ ហើយ​នឹង​លាកាត់​ឲ្យ​រស់​នៅ​បាន ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ស្លាប់​ទៅ​ទាំង​អស់​ឡើយ ៦ ដូច្នេះ គេ​ក៏​ចែក​ស្រុក​គ្នា ដើម្បី​នឹង​ដើរ​ទៅ​មក គឺ​អ័ហាប់​បាន​ដើរ​ផ្លូវ​១​តែ​ឯង​ទៅ ហើយ​អូបាឌា​ក៏​ទៅ​តាម​ផ្លូវ​១​ទៀត​តែ​ឯង​ដែរ។
៧ កាល​អូបាឌា​កំពុង​តែ​ដើរ​ទៅ នោះ​អេលីយ៉ា​មក​ប្រទះ ហើយ​លោក​ក៏​ស្គាល់​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ​អី ៨ លោក​ឆ្លើយ​តប​ថា គឺ​ខ្ញុំ​នេះ​ហើយ សូម​ទៅ​ទូល​ចៅហ្វាយ​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ ៩ តែ​អូបាឌា​ប្រកែក​ថា តើ​ខ្ញុំ​បាន​ធ្វើ​បាប​អ្វី បាន​ជា​លោក​ចង់​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ័ហាប់ ឲ្យ​សំឡាប់​ខ្ញុំ​ដូច្នេះ ១០ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដ៏​មាន​ព្រះជន្ម​រស់​នៅ​ថា គ្មាន​សាសន៍​ណា ឬ​នគរ​ណា​មួយ ដែល​ចៅហ្វាយ​ខ្ញុំ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ថា លោក​មិន​នៅ​ទី​នេះ​ទេ នោះ​ទ្រង់​ក៏​ឲ្យ​ពួក​សាសន៍​នោះ ឬ​នគរ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន ១១ ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ថា សូម​ទៅ​ទូល​ចៅហ្វាយ​របស់​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ ១២ រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ នោះ​ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ចោល ប៉ុន្តែ​ខ្ញុំ​ប្របាទ​នេះ​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា តាំង​តែ​ពី​ក្មេង​មក ១៣ តើ​គេ​មិន​បាន​ជំរាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ​អី ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិបិល​សំឡាប់​ពួក​ហោរា​នៃ​ព្រះយេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះយេហូវ៉ា ចំនួន​១០០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​១​ពួកៗ​៥០​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង​ហើយ​ទឹក​ផង ១៤ ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅហ្វាយ​ថា មើល​អេលីយ៉ា​មក​ហើយ ដូច្នេះ ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ជា​មិន​ខាន ១៥ តែ​អេលីយ៉ា​តប​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ដែរ ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ។
១៦ ដូច្នេះ អូបាឌា​ក៏​ទៅ​ជួប​នឹង​អ័ហាប់ ទូល​ឲ្យ​ទ្រង់​ជ្រាប រួច​អ័ហាប់​ទ្រង់​យាង​ទៅ​ជួប​នឹង​អេលីយ៉ា ១៧ កាល​អ័ហាប់​ឃើញ​អេលីយ៉ា​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ឱ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​វេទនា ដល់​ពួក​អ៊ីស្រាអែល​អើយ តើ​ឯង​ឬ​អី ១៨ តែ​លោក​ឆ្លើយ​ថា ទូលបង្គំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រាអែល​មាន​សេចក្តី​វេទនា​ទេ គឺ​ទ្រង់ និង​វង្សានុវង្ស​នៃ​ព្រះបិតា​ទ្រង់​វិញ​ទេ​តើ ពី​ព្រោះ​ទ្រង់​បាន​បោះបង់​ចោល​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះយេហូវ៉ា ព្រម​ទាំង​ប្រតិបត្តិ​តាម​ព្រះបាល​វិញ ១៩ ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ឯ​ទូលបង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះបាល​ទាំង​៤៥០​នាក់ និង​ពួក​ហោរា​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់ ដែល​បរិភោគ​នៅ​តុ​របស់​ព្រះនាង​យេសិបិល​មក​ផង។
ហោរា​អេលីយ៉ា និង​ពួក​ហោរា​របស់​ព្រះបាល ប្រជែង​គ្នា​នៅ​លើ​ភ្នំ​កើមែល
២០ អ័ហាប់​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ បាន​ប្រមូល​ទាំង​ពួក​ហោរា​មក​ឯ​ភ្នំ​កើមែល​ដែរ ២១ រួច​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន​សួរ​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះបាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្តិ​តាម​ចុះ តែ​ពួក​បណ្តាជន​មិន​បាន​ឆ្លើយ សូម្បី​១​ម៉ាត់​ឡើយ ២២ នោះ​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តាជន​ថា ក្នុង​ពួក​ហោរា​នៃ​ព្រះយេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះបាល​វិញ មាន​ចំនួន​៤៥០​នាក់ ២៣ ដូច្នេះ សូម​យក​គោ​ឈ្មោល​២​មក​ឲ្យ​យើង ឲ្យ​គេ​រើស​យក​១​សំរាប់​ពួក​គេ ហើយ​កាប់​ជា​ដុំៗ​ដាក់​លើ​ឧស​ទៅ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ រួច​ខ្ញុំ​នឹង​រៀប​គោ​១​ទៀត​ដាក់​លើ​ឧស ឥត​ដាក់​ភ្លើង​ដែរ ២៤ ហើយ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវនាវ​ដល់​ព្រះនាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ក៏​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ព្រះនាម​ព្រះយេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយសារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ ពួក​បណ្តាជន​ទាំងឡាយ​ក៏​ឆ្លើយ​ឡើង​ថា ស្រួល​ហើយ។
២៥ ដូច្នេះ អេលីយ៉ា​ក៏​ប្រាប់​ដល់​ពួក​ហោរា​របស់​ព្រះបាល​ថា ចូរ​រើស​គោ​១​សំរាប់​អ្នក​រាល់​គ្នា​ចុះ ហើយ​រៀប​ដាក់​ជា​មុន​ទៅ ដ្បិត​ខាង​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន រួច​ចូរ​អំពាវនាវ​ដល់​ព្រះនាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ ២៦ គេ​ក៏​ទទួល​យក​គោ​១ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀបចំ ហើយ​អំពាវនាវ​ដល់​ព្រះនាម​នៃ​ព្រះបាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះបាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង ប៉ុន្តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំវិញ​អាសនា ដែល​គេ​បាន​ធ្វើ​នោះ ២៧ គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​អេលីយ៉ា​ពោល​ចំអក​ថា ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត​ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង ២៨ គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទំលាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ ២៩ លុះ​កាល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ​បង្គំ រហូត​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។
៣០ បន្ទាប់​នោះ អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តាជន​ថា សូម​ចូល​មក​ជិត​ខ្ញុំ​វិញ ជន​ទាំងឡាយ​ក៏​អែប​ចូល​មក​ជិត​លោក រួច​លោក​ជួសជុល​អាសនា​នៃ​ព្រះយេហូវ៉ា​ដែល​បាន​រំលំ​ហើយ ៣១ អេលីយ៉ា​លោក​យក​ថ្ម​១២​តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​យ៉ាកុប ដែល​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​លោក​នោះ​ថា ឈ្មោះ​ឯង​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ៣២ លោក​ក៏​យក​ថ្ម​ទាំង​នោះ ស្អាង​អាសនា​១​ថ្វាយ​ព្រះនាម​ព្រះយេហូវ៉ា ក៏​ជីក​ប្រឡាយ​ព័ទ្ធ​ជុំវិញ មាន​ទំហំ​ល្មម​ដាក់​ពូជ​ស្រូវ​២​រង្វាល់ ៣៣ រួច​លោក​ដាក់​ឱស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា ចូរ​ដង​ទឹក​ពេញ​៤​ក្អម យក​មក​ចាក់​លើ​ដង្វាយ និង​ឧស​នេះ ៣៤ រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត នោះ​គេ​ក៏​ចាក់​ម្តង​ទៀត រួច​លោក​ប្រាប់​ថា ចូរ​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ម្តង​ទៀត គេ​ក៏​ចាក់​ជា​គំរប់​៣​ដង ៣៥ ទឹក​នោះ​បាន​ហូរ​ព័ទ្ធ​ជុំវិញ​អាសនា គេ​ក៏​ចាក់​ទឹក​រហូត​ដល់​ពេញ​ប្រឡាយ​ដែរ ៣៦ លុះ​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រាហាំ នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រាអែល សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ហើយ​ថា ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ថា ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្តាប់​តាម​ព្រះបន្ទូល​ទ្រង់​ផង ៣៧ សូម​ស្តាប់​ទូលបង្គំ ឱ​ព្រះយេហូវ៉ា​អើយ សូម​ស្តាប់​ទូលបង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់​ឱ​ព្រះយេហូវ៉ា​អើយ ដែល​ជា​ព្រះ ហើយ​ថា គឺ​ទ្រង់​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ ៣៨ ខណៈ​នោះ ភ្លើង​នៃ​ព្រះយេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​ដង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិទ្ធ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ ៣៩ កាល​ពួក​ជន​ទាំងឡាយ​បាន​ឃើញ នោះ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​ហើយ ៤០ រួច​អេលីយ៉ា​ប្រាប់​គេ​ថា ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះបាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ គេ​ក៏​ចាប់ ហើយ​អេលីយ៉ា​លោក​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន​សំឡាប់​ចោល​ទាំង​អស់​នៅ​ទី​នោះ​ទៅ។
ភ្លៀង​បង្អុរ​ចុះ​មក​សា​ជា​ថ្មី
៤១ រួច​មក​អេលីយ៉ា​ទូល​ដល់​អ័ហាប់​ថា សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ ៤២ ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល​វិញ ក៏​ក្រាប​ខ្លួន​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្តាល​ក្បាល​ជង្គង់ ៤៣ រួច​ប្រាប់​អ្នក​បំរើ​ថា ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ អ្នក​បំរើ​ក៏​ឡើង​ទៅ​មើល រួច​ជំរាប​ថា គ្មាន​អ្វី​ឡើយ លោក​ប្រាប់​ថា ចូរ​ទៅ​ឲ្យ​អស់​វារៈ​៧​ដង​ទៀត ៤៤ លុះ​ដល់​គំរប់​៧​ដង នោះ​ក៏​ជំរាប​ថា ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក នោះ​លោក​បង្គាប់​ថា ចូរ​ឡើង​ទៅ​ទូល​អ័ហាប់​ថា សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយសារ​ភ្លៀង ៤៥ បន្ទាប់​នោះ​បន្តិច​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ឯ​អ័ហាប់​ទ្រង់​ជិះ​រទេះ​ទៅ​ឯ​យេសរាល ៤៦ ហើយ​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់​ទៅ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេសរាល។