១២
សេចក្តី​ថ្លែង​ការណ៍​របស់​សាំយូអែល
១ លំដាប់​នោះ សាំយូអែល​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា មើល ខ្ញុំ​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ហើយ ខ្ញុំ​បាន​តាំង​ឲ្យ​មាន​ស្តេច​លើ​អ្នក​រាល់​គ្នា ២ ឥឡូវ​នេះ មើល ស្តេច​ទ្រង់​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ ៣ ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​នៅ​មុខ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា ឬ​យក​លា​របស់​អ្នក​ណា តើ​ខ្ញុំ​បាន​បំភាន់​បំបាត់​ឬ​សង្កត់សង្កិន​អ្នក​ណា តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា ដើម្បី​ឲ្យ​ខ្ញុំ​ធ្មេច​ភ្នែក នោះ​ខ្ញុំ​នឹង​សង​ដល់​អ្នក​រាល់​គ្នា​វិញ ៤ តែ​គេ​ឆ្លើយ​ឡើង​ថា លោក​មិន​ដែល​បំភាន់​បំបាត់​ឬ​សង្កត់សង្កិន​យើង​ខ្ញុំ​ឡើយ ក៏​មិន​ដែល​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដែរ ៥ រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ ព្រះយេហូវ៉ា​ទ្រង់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ ឯ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ក៏​ជា​ទី​បន្ទាល់​ដែរ​ថា អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​មាន​អ្វី នៅ​ក្នុង​ដៃ​ខ្ញុំ​សោះ​ឡើយ នោះ​គេ​ទទួល​ថា ទ្រង់​ជា​ទី​បន្ទាល់​មែន​ហើយ។
៦ នោះ​សាំយូអែល​ថ្លែង​ប្រាប់​ដល់​ពួក​ជន​ថា គឺ​ព្រះយេហូវ៉ា​ដែល​បាន​តាំង​ម៉ូសេ និង​អើរ៉ុន​ឡើង ព្រម​ទាំង​នាំ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក ៧ ដូច្នេះ ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រំឮក​អ្នក​រាល់​គ្នា​បន្តិច នៅ​ចំពោះ​ព្រះយេហូវ៉ា ពី​គ្រប់​ទាំង​ការ​សុចរិត ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ពួក​ឰយុកោ​អ្នក​រាល់​គ្នា ៨ គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា នោះ​ទ្រង់​ក៏​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​នាំ​ពួក​ឰយុកោ នៃ​អ្នក​រាល់​គ្នា​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទី​លំនៅ​នៅ​ទី​នេះ ៩ ប៉ុន្តែ គេ​បាន​ភ្លេច​ចោល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​គេ​វិញ រួច​ទ្រង់​បាន​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសេរ៉ា ជា​មេទ័ព នៃ​ក្រុង​ហាសោរ ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ ១០ គេ​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​យើង​ខ្ញុំ​បាន​បោះបង់​ចោល​ព្រះយេហូវ៉ា បែរ​ទៅ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ សូម​ទ្រង់​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិបត្តិ​ដល់​ទ្រង់​វិញ ១១ នោះ​ព្រះយេហូវ៉ា​ទ្រង់​ក៏​ចាត់​យេរូ-បាល បេដាន យែបថា និង​សាំយូអែល​មក​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រួច ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំវិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខសាន្តត្រាណ ១២ តែ​កាល​បាន​ឃើញ​ណាហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយរាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែ គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ ១៣ ដូច្នេះ មើល ស្តេច​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​រើស ហើយ​បាន​សូម​នោះ មើល ព្រះយេហូវ៉ា​ទ្រង់​បាន​តាំង​ស្តេច​ឲ្យ​សោយរាជ្យ​លើ​អ្នក​រាល់​គ្នា​ហើយ ១៤ បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​កោតខ្លាច ហើយ​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា ព្រម​ទាំង​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ទ្រង់ ឥត​ទាស់​ទទឹង​នឹង​សេចក្តី​បញ្ញត្ត​ណា​មួយ ហើយ​ទាំង​ខ្លួន​អ្នក​រាល់​គ្នា និង​ស្តេច​ដែល​សោយរាជ្យ​លើ​អ្នក​រាល់​គ្នា នឹង​ដើរ​តាម​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​អ្នក នោះ​បាន​ល្អ​ហើយ ១៥ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះយេហូវ៉ា​ទេ គឺ​ទាស់​ទទឹង​នឹង​សេចក្តី​បញ្ញត្ត​របស់​ទ្រង់​វិញ នោះ​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​នឹង​បាន​ទាស់​នឹង​អ្នក​រាល់​គ្នា ដូច​ជា​បាន​ទាស់​នឹង​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ដែរ ១៦ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ចាំ​មើល​ការ​ដ៏​ធំ ដែល​ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ចុះ ១៧ នៅ​រដូវ​នេះ តើ​មិន​មែន​ជា​ចំរូត​នៃ​ស្រូវ​ភោជ្ជសាលី​ទេ​ឬ​អី តែ​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ផ្គរលាន់ និង​ទឹក​ភ្លៀង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង ហើយ​ឃើញ​ជាក់​ថា ទោស​របស់​អ្នក​រាល់​គ្នា​ជា​ធ្ងន់​ក្រៃលែង នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ដោយ​បាន​សូម​ស្តេច ឲ្យ​សោយរាជ្យ​លើ​អ្នក​រាល់​គ្នា​នេះ ១៨ នោះ​សាំយូអែល​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរលាន់ និង​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក​នៅ​ថ្ងៃ​នោះ​ឯង ដូច្នេះ បណ្តាជន​ទាំងឡាយ​ក៏​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ដល់​សាំយូអែល​ជា​ខ្លាំង។
១៩ រួច​បណ្តាជន​ក៏​សូម​ដល់​សាំយូអែល​ថា សូម​ឲ្យ​លោក​មេត្តា​អង្វរ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​យើង​ខ្ញុំ​បាន​បន្ថែម​ការ​អាក្រក់​នេះ ក្នុង​អំពើ​បាប​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន​ហើយ ដោយ​បាន​សូម​ស្តេច​សំរាប់​យើង​ខ្ញុំ​នេះ ២០ សាំយូអែល​ឆ្លើយ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំង​នេះ​មែន ប៉ុន្តែ កុំ​ឲ្យ​តែ​បែរ​ចេញ​ពី​ព្រះយេហូវ៉ា​ទៀត គឺ​ត្រូវ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត​ចុះ ២១ កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រយោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់ ២២ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មិន​បោះបង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះនាម​ទ្រង់​ដ៏​ជា​ធំ ពី​ព្រោះ​ព្រះយេហូវ៉ា​បាន​សព្វ​ព្រះហឫទ័យ និង​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ២៣ មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះយេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ ២៤ សូម​ឲ្យ​តែ​អ្នក​រាល់​គ្នា​បាន​កោតខ្លាច ដល់​ព្រះយេហូវ៉ា ហើយ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ដោយ​ស្មោះត្រង់ ហើយ​អស់​អំពី​ចិត្ត​ផង​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចារណា​មើល​ការ​ដ៏​ធំ​វិសេស​ទាំង​ម៉្លេះ ដែល​ទ្រង់​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា​ហើយ ២៥ ប៉ុន្តែ បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្តេច​នៃ​អ្នក​រាល់​គ្នា នឹង​ត្រូវ​រោយរៀវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ គ្រា​នោះ​សូល​សោយរាជ្យ​បាន​១​ឆ្នាំ​ហើយ។