១៣
រាជ្យ​របស់​ស្តេច​សូល​ធ្វើ​សង្គ្រាម​នឹង​ពួក​ភីលីស្ទីន
១ លុះ​កាល​សូល​សោយរាជ្យ​លើ​សាសន៍​អ៊ីស្រាអែល​បាន​២​ឆ្នាំ ២ នោះ​ទ្រង់​រើស​ពួក​មនុស្ស ក្នុង​សាសន៍​អ៊ីស្រាអែល បាន​ចំនួន​៣​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​២​ពាន់​នាក់ នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ត្រង់​មីកម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​១​ពាន់​នាក់​ទៀត នៅ​ជា​មួយ​នឹង​យ៉ូណាថាន នៅ​ត្រង់​គីបៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​បណ្តាជន​ដែល​សល់​នៅ នោះ​ទ្រង់​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ៣ គ្រា​នោះ​យ៉ូណាថាន​ក៏​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ត្រង់​កេបា ហើយ​សាសន៍​ភីលីស្ទីន​ក៏​បាន​ឮ​ដំណឹង នោះ​សូល​ទ្រង់​ផ្លុំ​ត្រែ​ឡើង នៅ​ពេញ​ក្នុង​ស្រុក​ដោយ​ថា ចូរ​ឲ្យ​ពួក​សាសន៍​ហេព្រើរ​ស្តាប់​ចុះ ៤ ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលីស្ទីន​ស្អប់​ខ្ពើម ដល់​សាសន៍​អ៊ីស្រាអែល​ដែរ នោះ​បណ្តាជន​ទាំងឡាយ គេ​មូល​គ្នា​ទៅ​ឯ​សូល នៅ​ត្រង់​គីលកាល។
៥ ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីកម៉ាស ខាង​កើត​បេត-អាវេន ៦ កាល​ពួក​ទ័ព​ខាង​អ៊ីស្រាអែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ពី​ព្រោះ​បណ្តា​ទ័ព​មាន​សេចក្តី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង​ក្នុង​ព្រៃ​ញាតស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ៧ រីឯ​ពួក​ហេព្រើរ​ខ្លះ គេ​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ឯ​ស្រុក​កាឌ់ ហើយ​នឹង​ស្រុក​កាឡាត​ទៅ តែ​សូល​ទ្រង់​នៅ​ត្រង់​គីលកាល​នៅ​ឡើយ ហើយ​បណ្តា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់ញ័រ។
៨ ទ្រង់​ក៏​រង់ចាំ​នៅ​៧​ថ្ងៃ តាម​កំណត់​ដែល​សាំយូអែល​បាន​សន្យា តែ​សាំយូអែល​មិន​បាន​មក​ដល់​គីលកាល​ទេ ហើយ​បណ្តាជន​ក៏​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទ្រង់​អស់​ទៅ ៩ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​យក​ដង្វាយ​ដុត​នោះ​មក​ឯ​ខ្ញុំ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ទ្រង់​ក៏​ថ្វាយ​ដង្វាយ​ដុត​នោះ​ទៅ ១០ តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូអែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក ១១ ប៉ុន្តែ សាំយូអែល​ទូល​សួរ​ថា តើ​បាន​ធ្វើ​អ្វី​ហ្នឹង សូល​ទ្រង់​ឆ្លើយ​ថា ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្តា​ទ័ព​បាន​ខ្ចាត់ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ ហើយ​ពួក​ភីលីស្ទីន​បាន​ប្រមូល​គ្នា​មក នៅ​មីកម៉ាស​ផង ១២ នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីលកាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះយេហូវ៉ា​ផង ដូច្នេះ​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ ១៣ សាំយូអែល​ឆ្លើយ​ថា ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្ត​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ និង​តាំង​ឲ្យ​ទ្រង់​សោយរាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ជា​រៀងរាប​ដរាប​ទៅ ១៤ តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះហឫទ័យ​ទ្រង់ ហើយ​ទ្រង់​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង លើ​ពួក​រាស្ត្រ​ទ្រង់​វិញ ពី​ព្រោះ​ព្រះករុណា​មិន​បាន​កាន់​តាម​សេចក្តី ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​សោះ ១៥ រួច​សាំយូអែល​ក៏​ក្រោក​ឡើង ដើរ​ចាក​ចេញ​ពី​គីលកាល ទៅ​ឯ​គីបៀរ នៅ​ស្រុក​បេនយ៉ាមីន​ទៅ។
១៦ លំដាប់​នោះ សូល​ទ្រង់​ក៏​រាប់​ពួក​បណ្តា​ទ័ព ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​បាន​ប្រហែល​ជា​៦០០​នាក់ រួច​សូល និង​យ៉ូណាថាន ជា​បុត្រា​ទ្រង់ ព្រម​ទាំង​ពួក​រាស្ត្រ​ដែល​នៅ​ជា​មួយ ក៏​នៅ​ត្រង់​កេបា ក្នុង​ស្រុក​បេនយ៉ាមីន តែ​ឯ​ពួក​ភីលីស្ទីន គេ​បោះ​ទ័ព​នៅ​ត្រង់​មីកម៉ាស ១៧ គ្រា​នោះ​មាន​ពួក​ទ័ព​បំផ្លាញ​៣​ពួក ចេញ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​មក គឺ​១​ពួក​ចេញ​តាម​ផ្លូវ ដែល​ទៅ​ឯ​អូប្រា នៅ​ស្រុក​ស៊ូអាល ១៨ មួយ​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​១​ទៀត​ចេញ​តាម​ផ្លូវ​ព្រំប្រទល់ នៅ​មុខ​វាល​ច្រក​ភ្នំ​សេបោម​ខាង​ឯ​ទី​រហោស្ថាន។
១៩ រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន ២០ ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា តែង​ចុះ​ទៅ​ឯ​ពួក​ភីលីស្ទីន ដើម្បី​នឹង​សំលៀង​ដែក​ផាល ចបកាប់ ពូថៅ ហើយ​នឹង​កណ្តៀវ​របស់​គេ​រៀង​ខ្លួន ២១ គេ​មាន​តែ​ដែកឆាប​សំរាប់​សំលៀង​កណ្តៀវ ចបកាប់ និង​ពូថៅ ហើយ​សំរាប់​សំរួច​សម​ចូក និង​ជន្លួញ​ប៉ុណ្ណោះ​ទេ ២២ ដូច្នេះ នៅ​ថ្ងៃ​ចំបាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​សូល និង​យ៉ូណាថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​សូល ហើយ​នឹង​យ៉ូណាថាន ជា​បុត្រា​ទ្រង់​ប៉ុណ្ណោះ ២៣ ឯ​ពួក​បន្ទាយ​១​នៃ​សាសន៍​ភីលីស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីកម៉ាស។