២៧
ដាវីឌទៅរស់នៅជាមួយពួកភីលីស្ទីន
១ គ្រានោះ ដាវីឌនឹកក្នុងចិត្តថា មានថ្ងៃណាមួយអញនឹងស្លាប់ ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាជាជាងឲ្យអញរត់ទៅ ជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេ នោះសូលនឹងអស់ចិត្តចង់រកអញនៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀត ដូច្នេះ ទើបអញនឹងរួចចេញពីព្រះហស្តទ្រង់បាន ២ ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ ៣ ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង ៤ នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។
៥ ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយនឹងទ្រង់ទេ ៦ នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ ៧ ដាវីឌក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់១ឆ្នាំ៤ខែ។
៨ នៅគ្រានោះដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុក តាំងតែពីដើមរៀងមកគេនៅតាមផ្លូវ ដែលទៅឯស្រុកស៊ើររហូតដល់ស្រុកអេស៊ីព្ទ ៩ ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសំលៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ ១០ អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា និងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន ១១ ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកឯក្រុងកាថទេ ដោយថា ខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ ១២ អ័គីសក៏ជឿដាវីឌ ដោយថា វាបានបណ្តាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះវានឹងធ្វើជាអ្នកបំរើរបស់អញជាដរាបតទៅ។